(ភ្នំពេញ)៖ លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគម្រោង CSLEP បានបង្ហាញថា គម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺជាគម្រោងដែលទទួលបានការគាំទ្រពី ធនាគារពិភពលោក ដើម្បីអនុវត្តការពារតំបន់ធនធានធម្មជាតិ ខណៈមានប្រជាពលរដ្ឋប្រមាណ ២,៥០០០គ្រួសារ និងមានប្រជាជនប្រមាណជាង ៥០,០០០នាក់ បាននឹងកំពុងទទួលផលពីគម្រោងនេះ។

លោក ឃិន ម៉េងឃាង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺជាគម្រោងដែលទទួលបានការគាំទ្រពី ធនាគារពិភពលោក ដើម្បីអនុវត្តការពារតំបន់ធនធានធម្មជាតិ និងលើកកម្ពស់ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារទេសភាពតំបន់ទេសភាពចំនួនពីររួមានទី១៖ ជួរភ្នំក្រវាញ និងទន្លេសាប ដែលមានខេត្ដចំនួន៦ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ចាប់ពីឆ្នាំ២០២០ ដល់២០២៧។

ក្នុងដំណើរបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៅសហគមន៍ស្លែង ខេត្តកំពង់ឆ្នាំង ថ្មីៗនេះ, លោក ឃិន ម៉េងឃាង បានថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងតំបន់គោលដៅរបស់យើង គឺអ្នកទទួលផលប្រមាណជា ២៥,០០០គ្រួសារ អ៊ឹចឹងប្រហែលជា ៥ម៉ឺននាក់ យើងសង្ឃឹមថាក្រោយពេលអនុវត្តគម្រោងប្រជាពលរដ្ឋនៅក្នុងតំបន់សហគមន៍ធនធានធម្មជាតិ មានជីវភាពល្អប្រសើរជាងមុន តាមរយៈការគាំទ្រពីគម្រោង»

លោក ឃិន ម៉េងឃាង បានបន្ដថា ដោយមានការគាំទ្ររបស់គម្រោង CSLEP របស់ក្រសួងបរិស្ថាន ទី១ ពង្រឹងការការពារព្រៃឈើ មានការកំណត់តំបន់ បោះបង្គោលព្រំ ចុះបញ្ជីដី ពង្រឹងការងារអនុវត្តច្បាប់ និងទី២ គឺតំបន់ទេសភាពទាំងអស់ ក៏ដូចជាតំបន់សក្ដានុពល ហើយជំរុញការអភិវឌ្ឍន៍គោលដៅលំហែលបៃតង ទាំងការចូលរួមពីវិស័យឯកជន ទាំងសហគមន៍មូលដ្ឋាន ពីព្រោះមិនអាចកាត់ផ្ដាច់បានទេ គឺត្រូវតែមានការផ្សារភ្ជាប់ជាមួយ និងការងារអភិវឌ្ឍ និងតុល្យភាព ជាមួយការងារអភិរក្ស។ តំបន់ទេសភាព គឺជាគោលដៅលំហែលបៃតងមួយដ៏សំខាន់ ដូច្នេះ ហើយបានគម្រោងគាំទ្រទី១៖ គឺការរៀបចំតំបន់ការពារឱ្យល្អកុំឱ្យបាត់បង់ និងទី២៖ គឺទាញយកឱកាសដើម្បីអភិវឌ្ឍន៍គោលដៅលំហែបៃតងអេកូរទេសចរណ៍ និងទី៣៖ គឺការគាំទ្រផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងរឿងការការពារ ការអនុវត្តច្បាប់ និងការតភ្ជាប់ផ្លូវ។ ផ្លូវ ដំណាក់កាលទីមួយ គឺតភ្ជាប់ផ្លូវ៩០គីឡូ នៅតាមតំបន់ខេត្ត ដើម្បីភ្ជាប់ពីតំបន់គោលដៅមួយទៅតំបន់គោលដៅមួយ។

ប្រធានគម្រោង CSLEP រូបនេះ បានបន្ថែមថា តាមរយៈគម្រោងនេះក្រសួងបរិស្ថាន រួមជាមួយដៃគូអភិវឌ្ឍបានចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពនៅក្នុងតំបន់ការពារធនធានធម្មជាតិ ដោយបានបែងចែក កំណត់តំបន់គ្រប់គ្រង ការចុះបញ្ជីដីធ្លី ជាពិសេសបានគាំទ្រដល់សហគមន៍លើផ្នែកអេកូទេសចរណ៍ ចំនួន១១សហគមន៍ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងរៀបចំថ្លៃសម្រាប់កសាងផ្លូវថ្មើរជើង ព្រមទាំងរៀបចំប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យជាដើម។

គួរបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិ ដោយយកចិត្តទុកដាក់ពង្រឹងលើផ្នែកទេសចរណ៍ធម្មជាតិ មានទាំងកិច្ចការងារបដិសណ្ឋារកិច្ច ការនាំភ្ញៀវ និងការអភិរក្សជាដើម។ លើសពីនេះគម្រោងក៏ជួយឱ្យមានកំណើនជីវភាពប្រជាសហគមន៍តាមរយៈការចិញ្វឹមសត្វជ្រូកកណ្តុរ ការចិញ្ចឹម មាន់ និងឃ្មុំព្រៃផងដែរ៕