(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយកដ្ឋមន្ដ្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បាននាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអតីតយុទ្ធជនទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា យោងលើប្រវត្តិហែលឆ្លងយ៉ាងច្រើនដំណាក់កាល ជាមួយនឹងការបូជាលះបង់ឥតគណនារបស់អតីតយុទ្ធជន នាពេលកន្លងមក បន្ថែមពីលើគោលនយោបាយគិតគូរល្អិតល្អន់ចំពោះអតីតយុទ្ធជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់យក ថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ធំធេងមិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន វីរយុទ្ធនារី ដែលជាអតីតកងកម្លាំងប្រដាប់អាវុធប្រកបដោយមនសិការស្នេហាជាតិ និងការលះបង់ដ៏ខ្ពស់បំផុត។
ក្នុងន័យនេះ មិនមានន័យថា រាជរដ្ឋាភិបាលនឹកឃើញអតីតយុទ្ធជន តែថ្ងៃ ២១ មិថុនានោះទេ គឺយើងនឹកឃើញ និងដឹងគុណពួកគាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែគ្រាន់តែការកំណត់ទិវានេះ គឺជាឱកាសជួបជុំដ៏មហោឡារិកមួយ ដែលអាចឲ្យបងប្អូនអតីតយុទ្ធជន បានជួបជុំមិត្តចាស់ មិត្តរួមអាវុធ រំលឹកឃើញនូវអនុស្សាវរីយ៍ល្អៗ ដែលគឺជាការបំផុសស្មារតីដ៏សំខាន់មួយ សម្រាប់អតីតកងកម្លាំងរបស់យើង។
បើតាមការគូសបញ្ជាក់របស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាល ការលើកទឹកចិត្ត ការផ្តល់ឱកាស និងការលើកកម្ពស់ជីវភាព ត្រូវបានផ្តល់ឲ្យយ៉ាងទូលំទូលាយជូនដល់អតីតយុទ្ធជន រួមទាំងនិវត្តជន និងជនពិការបាត់បង់សមត្ថភាពការងារទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏កោតសរសើរចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អប្រសើរជាមួយសមាគមអតីតយុទ្ធជន ក្នុងការបង្កលក្ខណៈគ្រប់លទ្ធភាពជួយដល់អតីតយុទ្ធជន ដែលគឺជាកម្លាំងចិត្ត និងក្តីសង្ឃឹមដ៏មិនអាចកាត់ថ្លៃបាន និងប្រៀបដូចជាការតបស្នងគុណូបការៈដ៏ធំធេងចំពោះពួកគាត់ទាំងអស់។
លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏ឆ្លៀតរំលឹកប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ កន្លងទៅដូច្នេះថា «ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែមានឱកាសបន្តដឹកនាំប្រទេស រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់ជីវភាព និងកិត្តិយសអតីតយុទ្ធជន និងមន្ត្រីរាជការចូលនិវិត្តន៍ទាំងអស់»។ នេះជាសារយ៉ាងច្បាស់មួយ បង្ហាញពីឆន្ទៈមោះមុតឥតងាករេ របស់ប្រមុខរាជរដ្ឋាភិបាល ហើយក៏ជាការប្រកាន់អនុវត្តខ្ជាប់ខ្ជួន នូវមរតកប្រពៃណីផូរផង់ ដែលបន្សល់ដោយ សម្តេចតេជោ ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងរបាយការណ៍ស្វាគមន៍របស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរំលេចឲ្យឃើញច្បាស់អំពី ការគិតគូរ យកចិត្តទុកដាក់ ទំនុកបម្រុងជាប់ជាប្រចាំពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាសមាគមអតីតយុទ្ធជន ជូនចំពោះអតីតយុទ្ធជន ដោយផ្តោតលើគោលដៅសំខាន់៣ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ គឺ កិត្តិយស ជីវភាព និងឱកាស៕