(ភ្នំពេញ)៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ ដែលត្រូវជាម្តាយបង្កើតរបស់លោក សូ ម៉ារ៉ា។

តាមរយៈសារលិខិតនេះសម្តេចបវរធិបតី បានរំលែកទុក្ខយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម លោកបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:២៥នាទីយប់ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ​។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងសម្តែង នូវក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះ អាល័យ ជាទីបំផុត។

ការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ គឺជាការបាត់បង់ម្តាយ ម្តាយមីង ជីដូន និងជីទួត ដែលមានព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយ ជាទីស្រឡាញ់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏ល្អឆ្នើមមួយរូប ដែលតែងតែបានចូលរួមលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនានៃយើងជារៀងរហូតមក​»៕