(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញមោទនភាព ចំពោះទឹកចិត្តប្រជាជនកម្ពុជា ដែលពិតជាបង្ហាញឆន្ទៈសាមគ្គីជាតិខ្ពស់ ផ្តល់ជំនឿ និងការគាំទ្រចំពោះរាជរដ្ឋាភិបាល និងវីរៈកងទ័ពដ៏អង់អាចរបស់កម្ពុជា។
តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានបង្ហោះខ្លឹមសារ ដោយភ្ជាប់ជាមួយរូបភាពជួបសំណេះសំណាលពលរដ្ឋ កងទ័ពសមរភូមិមុខ យ៉ាងដូច្នេះថា៖
«នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរមកលើកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៃការលួចចូលវាយឆ្មក់បាញ់ប្រហារ ដែលបណ្ដាលឱ្យបងប្រុស សួន រោន បានស្លាប់ចោលក្រុមគ្រួសាររបស់គាត់ដោយមិនមានថ្ងៃវិលត្រឡប់វិញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខសារជាថ្មីម្ដងទៀត ហើយក៏សូមបង្ហាញនូវការគោរពចំពោះវីរៈភាពរបស់ បងប្រុស សួន រោន ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិរបស់យើង។
ចាប់តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និងការមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឱ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន ។ លើសពីនេះ នៅដំណាក់កាលចុងក្រោយនេះ ក៏មានការបង្កើតសេនារីយោយុទ្ធសាស្ត្រប្រឌិតដោយប្រើបច្ចេកវិទ្យា (Simulation) ក្នុងការបង្ហាញកម្លាំងនិងសព្វាវុធ ដែលជាការចង់បង្ហាញចេតនាមើលស្រាលមកលើសមត្ថភាពរបស់កងយុទ្ធពលខេមរភូមិន្ទរបស់យើង ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។
ទោះបីជាការគំរាម និងការមើលស្រាល ទាំងអស់នេះ អាចចេញមកពីប្រភពផ្សេងៗគ្នា ប៉ុន្ដែក្នុងនាមយើងជាពលរដ្ឋខ្មែរដែលបានតាមដានដោយការយកចិត្តទុកដាក់ពីសកម្មភាព និងការវិវត្តជាបន្តបន្ទាប់ទាំងនេះ យើងអាចសង្កេតឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជួរមុខ ក៏ដូចជាប្រជាជាតិខ្មែរយើងទាំងមូលមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី និងប្រកបដោយភាពចាស់ទុំ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងគោលការណ៍ច្បាប់អន្តរជាតិ ហើយបញ្ចៀសឱ្យបាននូវការរីករាលដាលបញ្ហាទៅជាជម្លោះរវាងជាតិសាសន៍ ដែលកម្ពុជាពិតជាមិនចង់បាន។
ជារួម ក្នុងកាលៈទេសៈនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងត្រូវគិតរួមគ្នាថា៖ ទី១. តើខាងណាជាអ្នកបង្កបញ្ហាតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥? ទី២. សកម្មភាពគំរាមកំហែងជាក់ស្ដែង ទាំងសកម្មភាពយោធា ទាំងការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច និងវិធីសាស្ត្រផ្សេងៗទៀត តើខាងណាជាអ្នកបង្ហាញសកម្មភាពបង្កហេតុ និងមិនចង់ដោះស្រាយបញ្ហា? ភាគីណាចង់ចិញ្ចឹមបញ្ហា និងមិនមានឆន្ទៈដោះស្រាយបញ្ហាឱ្យស្ថានភាពវិលត្រឡប់ទៅធម្មតា ដូចជាការបើកច្រកព្រំដែន ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ជីវភាពរបស់ពួកគាត់? ខ្ញុំជឿជាក់ថា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងសងខាងគឺ សន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ដូចស្ថានភាពមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ទោះបីក្នុងស្ថានការណ៍បែបណា និងទោះក្នុងតម្លៃណាក៏ដោយ ខ្ញុំពិតជាមោទនភាពចំពោះទឹកចិត្តបងប្អូនប្រជាជនកម្ពុជា ដែលពិតជាបង្ហាញឆន្ទៈសាមគ្គីជាតិខ្ពស់ ផ្តល់ជំនឿនិងការគាំទ្រចំពោះរាជរដ្ឋាភិបាល និងវីរៈកងទ័ពដ៏អង់អាចរបស់យើង។
ជាថ្មីម្តងទៀត យើងខ្ញុំគាំទ្រជំហរកម្ពុជាដែលនៅតែព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី ដើម្បីភាពសុខសាន្តនៃប្រទេស និងប្រជាជន ទាំងសងខាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំក៏គាំទ្រការត្រៀមខ្លួនជានិច្ចរបស់កងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន»៕