(ប៉ៃលិន)៖ នៅចំពោះមុខបងប្អូនពលករលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងបែបនេះ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វិលត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងដោយមានការអំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារ គ្រប់ គ្រាន់ក៏ដោយហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរបានធ្វើដំណើរ ឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយ រកការងារជូនបងប្អូនពលករផងដែរ។
សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារ ក្នុងប្រទេសជូនបងប្អូន ដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំង ជាច្រើនម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការ ជួយអន្តរាគមន៍ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។
ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ដែលមានជាប់ជំពាក់បំណុល ជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន៕