(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវពង្រឹង និងបង្កើនការយកចិត្តទុកដាក់ការពារនៅទីតាំងដែលខ្លួនកំពុងឈរជើងបំពេញការងារ ក្នុងករណីសង្ស័យមានបទល្មើសណាមួយត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់។

ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧៤ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា សន្តិសុខឯកជន ជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមទីតាំងឯកជន និងតាមសាធារណៈ។

លោកបន្ដថា ភ្នាក់ងារសន្ដិសុខឯកជន បានការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់» មានសុវត្ថិភាព សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។ លោកក៏បានកោតសរសើរដល់ភ្នាក់ងារសន្តិសុខឯកជន ដែលសហការ និងផ្តល់កិច្ចសហការ ចូលរួមបង្ការទប់ស្កាត់បទល្មើសនានា នៅតាមទីតាំងគោលដៅរបស់ខ្លួនធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួន។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី កត់សម្គាល់ថា បច្ចុប្បន្ននេះបទល្មើសមួយចំនួន បានកើតឡើងទៅតាមទីតាំងស្នាក់នៅដែលក្រុមឧក្រិដ្ឋជន ពួនសម្ងំ ប្រព្រឹត្តបទល្មើសដូចជា៖ ការផលិតគ្រឿងញៀន ចែកចាយ ប្រើប្រាស់គ្រឿងញៀន ការបង្ខាំងមនុស្សខុសច្បាប់ ការចាប់ជំរឹតទារប្រាក់ ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អំពើលួចគាស់ជាដើម។
ហេតុនេះ លោកអំពាវនាវដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ មេត្តាផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច ក្នុងការបង្រ្កាបបទល្មើសនៅតាមទីតាំងរស់នៅដូចជា៖ បុរី ខុនដូរ អាតមិន សណ្ឋាគារ កាស៊ីណូ រីសត និងសំណង់អគារធំៗ ដែលជាកន្លែងលាក់ខ្លួនរបស់ ក្រុមឧក្រឹដ្ឋជនប្រព្រឹត្តបទល្មើសទាំងនោះ។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។

រយៈពេល២ថ្ងៃនេះ នៃវគ្គបំប៉នជំនាញនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដែលសន្តិសុខឯកជនបាននិងកំពុងជួបប្រទះកន្លងមក ដូច្នេះយើងទាំងអស់គ្នាបានយល់ដឹងយ៉ាងច្បាស់អំពី តួនាទី និងភារកិច្ច, កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន, វិធីសាស្ត្រការពារគោលដៅ, ការស្វែងយល់អំពីចរាចរណ៍ផ្លូវគោក, ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការការពន្លត់អគ្គិភ័យ និងការជួយសង្គ្រោះពីអគ្គិភ័យ ,ការពារនិងរក្សាសុវត្ថិភាពកន្លែងកើតហេតុ ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍ សង្គមជាតិក្នុងផ្លូវវិជ្ជមាន ឲ្យបានសមស្របតាមក្រម សិលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕