(ភ្នំពេញ)៖ សៀវភៅជាង១លានក្បាល និងច្រើនជាង២ម៉ឺនចំណងជើង នឹងត្រូវតាំងបង្ហាញក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌សៀវភៅដ៏ធំប្រចាំ២០២៥ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលបុរីរុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books បានធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងនិងបណ្តុះទម្លាប់ការអាន ជាពិសេសចំពោះកុមារ និងយុវជន។
សន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» ធ្វើឡើងដើម្បីបង្ហាញជូនដល់អ្នកសារព័ត៌មានពីព័ត៌មានលម្អិតស្តីពីគោលបំណងការប្រព្រឹត្តទៅជារួម និងចំណុចពិសេស នៃពិព័រណ៍សៀវភៅដ៏ធំបំផុត និងមានប្រជាប្រិយភាព ក្នុងន័យលើកកម្ពស់ និងបណ្តុះទម្លាប់ការអាន ជាពិសេសចំពោះកុមារ និងយុវជន។
តាមរយៈពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» គឺធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ផ្តើមបើកពី ម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីយប់ នៅសាលបុរីរុងរឿង ក្នុងភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមរយៈសន្និសីទសារព័ត៌មាន, រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញ និងលើទឹកចិត្តសិស្សានុសិស្សទាំងអស់ឱ្យចូលរួមបង្កើនការអានសៀវភៅ ដើម្បីបង្កើននូវចំណេះដឹង ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដោយបានផ្តោតសំខាន់លើមូលធនមនុស្ស ដែលសំដៅទៅលើធនធានមនុស្សដែលមានសមត្ថភាព មានចំណេះដឹង មានទេពកោសល្យ មានស្នាដៃ មានសុខភាពល្អ គុណភាព មានគុណធម៌ និងមានសុជីវធម៌។
លោកស្រី Jacqueline Ng ស្ថាបនិកពិព័រណ៍សៀវភៅ Big Bad Wolf Books បានថ្លែងថា៖ «រាល់ពេល ដែលត្រលប់មកប្រទេសកម្ពុជា ពួកយើងនឹកឃើញដល់បុព្វហេតុដែលយើងធ្វើនូវអ្វីដែលពួកយើងកំពុងតែធ្វើ។ នៅទីនេះមានថាមពលម្យ៉ាង គឺសេចក្តីស្រេកឃ្លានក្នុងការសិក្សារៀនសូត្រ និងភាពរីករាយនឹងរបក គំហើញអ្វីមួយ។ ពិព័រណ៍លក់សៀវភៅ Big Bad Wolf Books មិនត្រឹមតែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ តែគឺជាច្រកទ្វារទៅកាន់សេចក្តីសង្ឃឹមជាច្រើន។ គោលដៅរបស់ពួកយើង គឺពញ្ញាក់ការស្រមើស្រមៃ បញ្ឆេះការចង់ដឹងចង់ឃើញ និងអភិវឌ្ឍវប្បធម៌នៃការអានដែលនឹងបន្តរាប់ជំនាន់ទៅមុខទៀត។ ក្រោមការគាំទ្រពេញទំហឹងពីក្រសួងព័ត៌មាន ពួកយើងមានកិត្តិយស និងមោទនភាព ក្នុងការជួយកំណត់រឿងរ៉ាវរបស់កម្ពុជានោះគឺសៀវភៅម្តងមួយក្បាល»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «សៀវភៅមានសារសំខាន់ណាស់សម្រាប់បណ្តុះការគិតវិភាគ និងការស្រមើស្រមៃរបស់ប្រជាជន ជាពិសេសយុវជន។ ក្រសួងព័ត៌មានគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដូចជាពិព័រណ៍លក់សៀវភៅ Big Bad Wolf Books នេះ ដែលលើកកម្ពស់ការសិក្សារៀនសូត្រ ចំណេះ ដឹង និងការរីកលូតលាស់ខាងវប្បធម៌។ ពួកយើងសូមអំពាវនាវឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមក្នុងឱកាសដ៏រីករាយនេះ និងធ្វើឱ្យការអានក្លាយជាទម្លាប់ពេញមួយជីវិត»៕