(ស្ទឹងត្រែង)៖ ជំនួយសង្គមកិច្ច ចំនួន ២១០កញ្ចប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះមកពីឃុំស្រែសំបូរ និងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាលភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។ អំណោយដ៏ថ្លៃថ្លា ដែលបានផ្តល់ជូនពុក ម៉ែ បងប្អូន ដើម្បីសម្រាលការលំបាក់មួយរយៈ តែស្បៀងទាំងនេះ មិនអាចបំពេញតម្រូវការរបស់ពុកម៉ែបងប្អូននោះទេ តែជាការជួយសម្រាលបន្ទុកបានមួយរយៈ។
នាឱកាសនោះ លោក សរ សុពុត្រា បានរាយការណ៍នូវសភាពការអំពីការឈ្លានពាន ពីប្រទេសជិតខាងនោះគឺប្រទេសថៃ ដែលមានចេតនាចង់បានទឹកដី និងប្រាសាទមួយចំនួន ដែលកើតចេញពីជម្លោះនយោបាយក្នុងប្រទេសថៃ និងបានអំពាវនាវដល់បងប្អូនដែលកំពុងចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃ សូមត្រឡប់មកកាន់មាតុភូមិ ហើយនៅទូទាំងប្រទេសតម្រូវការសំរាប់ការងាររាប់ម៉ឺនកន្លែង ដោយឡែកសំរាប់ខេត្តស្ទឹងត្រែងខ្វះកំលាំងកម្មករជាង ៥០០០នាក់។
ក្នុងនោះក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឱ្យក្រសួងបាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត។
លោកអភិបាលខេត្ត បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ និងបន្តធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនឱ្យប្រជាពលរដ្ឋ ខ្វះខាតលំបាកនោះទេ។
លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត បានគូសបញ្ជាក់ថា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ជា សុមេធិ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា បានយកចិត្តទុកដាក់ខ្ពស់អំពីសុខទុករបស់ប្រជាពលរដ្ឋ និងមិនទុកឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនគិតគូរ និងមិនយកចិត្តទុកដាក់ដោះស្រាយជូននោះឡើយ៕