(កំពង់ស្ពឺ)៖ វិទ្យាល័យឧដុង្គ ស្ថិតក្នុងភូមិក្រាំងពន្លៃ សង្កាតយវាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ជាសាលាវិទ្យាល័យមួយក្នុងចំណោមវិទ្យាល័យទូទាំងខេត្តកំពង់ស្ពឺ ចំនួន២២វិទ្យាល័យ (ទិន្នន័យឆ្នាំ ២០២៣-២០២៤)។ សាលានេះមានសិស្សានុសិស្សកំពុងសិក្សាចំនួន ១,៩៨០នាក់ ក្នុងនោះសិស្សស្រីមានចំនួន ១១១០នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន៦៣នាក់។ នេះតាមការឱ្យដឹងរបស់លោក ឡៃ គួង នាយកវិទ្យាល័យឧដុង្គ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក ឡៃ គួង នាយកវិទ្យាល័យឧដុង្គ បានថ្លែងថា សាលាមាននៅមានតម្រូវជាច្រើនដែលក្នុងទីលានបាល់ទាត់ បាល់ទះ និងអភិវឌ្ឍន៍ដីសាលានៅសល់ឱ្យក្លាយទៅជាកន្លែងមហាចូលរួម ទស្សនាកម្មវិធីផ្សេងៗក្នុងនោះក៏មានទីធ្លារ ហាត់ប្រាណ របស់បងប្អូនប្រជាពលរដ្ឋជិតៗនោះបន្ថែមទៀត។ បើទោះបីសាលាមានអគារចាស់ថ្មីជាច្រើនខ្នង នៅថ្ងៃខាងមុខសាលាបន្ថែមអគារសិក្សា២ជាន់បន្ថែមទៀតឱ្យត្រូវតាមចំនួនសិស្សជាក់ស្តែង។

ទាក់ទងបញ្ហាថវិកា លោកនាយកបានបន្ថែមថា សព្វថ្ងៃសាលាបានជំនួយពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជាច្រើនរួមទាំងសប្បុរសជន រួមជាមួយអតីតសិស្សរួមជំនាន់បានឧបត្ថម្ភផងដែរ។

ជាការពិតណាស់ដើម្បីជួយឱ្យសាលារៀនមានគុណភាពខ្ពស់ មានការជួយឧប្ថម្ភគាំទ្រពីសប្បុរសជនតាមរយការប្រឹងប្រែងកៀរគររបស់សាលា មានលោកគ្រូអ្នកគ្រូជាដើម។ លោកគ្រូ អ្នកគ្រូដែលមានចំណេះដឹងជ្រៅជ្រះ និងជំនាញបង្រៀនល្អ បណ្តុះបណ្តាល និងបច្ចេកទេសអប់រំទាន់សម័យវិទ្យាសាស្ត្រ។

ដោយឡែកសាលាបានខិតខំអប់រំសិស្សធានាដល់បរិស្ថានស្អាត មានសុវត្ថិភាព និងមានភាពងាយស្រួលដល់ការរៀនសូត្រ ជាងនេះសាលាបំពាក់ដោយសម្ភារៈសិក្សាគ្រប់គ្រាន់ ដូចជា សៀវភៅ កុំព្យូទ័រ និងឧបករណ៍ពិសោធន៍។ ល។ អភិវឌ្ឍកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស។

លោកនាយកសាលា បានបញ្ជាក់ថា សាលាការសហការល្អជាមួយឪពុកម្តាយ និងសហគមន៍ ដើម្បីគាំទ្រការអប់រំ បើកឱកាសឱ្យសិស្សចូលរួមក្នុងការសម្រេចចិត្តរបស់សាលា និងប្រើប្រព័ន្ធវាយតម្លៃដែលវែកញែក ដើម្បីពិនិត្យកម្រិតសិស្ស និងកែលម្អការបង្រៀនរវាងគ្រូ និងសិស្ស ធ្វើការស្ទង់មតិជាមួយសិស្សគ្រូ និងឪពុកម្តាយដើម្បីដឹងពីចំណុចខ្វះខាត ដើម្បីជំរុញការរៀនសូត្រប្រកបដោយប្រសិទ្ធភាព។ រៀបចំសកម្មភាពក្រៅកម្មវិធីសិក្សា ដូចជា កីឡា សិល្បៈ និងសេវាសហគមន៍ ដើម្បីអភិវឌ្ឍសិស្សពេញលេញ ធានាថាសាលា និងមានធនធានគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍដល់ប្រទេសជាតិ៕