(កំពង់ធំ)៖ លោក ម៉េង លីនណា ប្រធានសហភាពសហព័ទ្ធយុវជនកម្ពុជាឃុំប្រឡាយ តំណាងលោក សាយ គឹមឡម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងជាអភិបាលស្រុក រួមជាមួយ អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាល បាននាំយកអំណោយមនុស្សធម៍ជូនដល់លោកយាយ ហុង សាត មានអាយុ ១០៤ឆ្នាំ ចាស់ជរា រស់នៅតែពីរនាក់ម្ដាយកូន នៅភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៥។
លោក ម៉េង លីនណា បានលើកឡើងថា ដោយមើលឃើញពីទុក្ខលំបាករបស់លោកយាយមានអាយុច្រើនចាស់ជរា ជីវភាពខ្វះខាត ដូចនេះហើយទើបលោក សាយ គឹមឡម អភិបាលស្រុក បានចាត់ក្រុមការងារ ស ស យ ក ឃុំប្រឡាយនាំយកអំណោយមកផ្ដល់ជូនលោកយាយ នៅពេលនេះ ដែលជាការចូលរួមបានមួយចំណែកទោះបីជាអំណោយដែលបានចែកជូននៅពេលនេះមិនគ្រប់តាមតម្រូវការ ក៏ពិតមែនក៏ប៉ុន្តែក្នុងនាមលោកប្រធាន ស.ស.យ.ក ស្រុក និងរូបលោកផ្ទាល់និងអាជ្ញាធរមូលដ្ឋាននៅតែមើលឃើញ នឹងយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារលោកយាយ ក៏ដូចជាគ្រួសារដែលងាយរងគ្រោះ ខ្វះខាត ជានិច្ច។
លោកបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់លោកអភិបាលស្រុកស្ទោង និងជំរុញដល់គ្រួសារ លោកយាយត្រូវថែទាំសុខភាពឲ្យបានល្អ និងមានអនាម័យខ្ពស់ និងគ្រួសារផ្សេងទៀតដោយអនុវត្តនៅវិធានការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
លោកបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការស្វះស្វែងរកអំណោយមនុស្សធម៌ជូនគ្រួសារដែលកំពុងខ្វះខាតខ្លាំង ព្រោះអំណោយ និងថវិកាដែលប្រមូលបាន ជាការរួមចំណែក និងវប្បធម៌នៃការចែករំលែក ជួយគ្នាក្នុងគ្រាក្រ ជួបការលំបាក ហើយលើកទឹកចិត្តឱ្យបងប្អូនរបស់យើងចេះមើលឃើញពីទុក្ខលំបាក។
លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានពិសេសមេភូមិត្រូវតែតាមដាននៅស្ថានភាពរបស់គ្រួសារលោកយាយ ឬក៏ក្រុមគ្រួសារដែលជួបទុក្ខលំបាកផ្សេងទៀត ដើម្បីផ្ដល់ព័ត៌មានដល់អាជ្ញាធរឃុំ និងក្រុមការងារ ស ស យ ក ក្នុងការចូលរួមសហការគ្នាស្វែងរកមូលនិធិសប្បុរសធម៌ផ្សេងៗទៀតទៅតាមលទ្ធភាពជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនរួមមាន៖ អង្ករ ២បេ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប, សាច់ក្រក ១គីឡូ, ត្រីងៀត ១គីឡូ, ទឹកសុទ្ធ ៥យួរ និងថវិកាចំនួន ២៨០.០០០ រៀល៕