(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង បណ្តាក្រសួង-សា្ថប័នពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដោយផ្អែកលើរបាយការណ៍ និងផែនការអនុវត្តរបស់ក្រសួង- សា្ថប័នសាមី លើបញ្ហាប្រឈម និងកាលានុវត្តភាព ដែលបានជួបប្រទះក្នុងការអនុវត្តគោលនយោបាយ ស្វែងរកដំណោះស្រាយរួម និងផ្តល់ទិសដៅសម្រាប់រយៈពេល ៦ខែខាងមុខ ដើម្បីបន្តជំរុញការអនុវត្តផែនការសកម្មភាពនៃគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា គ.ល.គ.យ.អ. ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងាររៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី ក្នុងទិសដៅគាំទ្រលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានទូលំទូលាយ និងទាក់ទាញការវិនិយោគក្នុងវិស័យនេះ ឱ្យបានកាន់តែប្រសើរ និងច្រើនឡើងនៅកម្ពុជា ដើម្បីពង្រឹងកិច្ចការពារបរិស្ថាន និងថាមពលបៃតងស្របតាម យុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជាស្តីពីអព្យាក្រឹតកាបូន ដែលបានដាក់ជូន, អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (United Nations Framework Convention on Climate Change - UNFCCC) កាលពីខែធ្នូ ឆ្នាំ២០២១ ដោយមានបញ្ចូលការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តគ្រួសារ និងរថយន្តក្រុងអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% ត្រឹមឆ្នាំ២០៥០៕