(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវឆ្លុះបញ្ចាំងនិងធ្វើខ្លួនឱ្យក្លាយជាបុគ្គលិកសុខាភិបាលប្រកបដោយគុណភាពពិតប្រាកដ នៅតាមអង្គភាពរបស់ខ្លួន។
ការថ្លែងត៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥៨៥នាក់ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតជូនមន្រ្តីសុខាភិបាលនៅមូលដ្ឋាន សម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួន និងបាននាំយកការកោតសរសើរពីប្រមុខរាជរដ្ខាភិបាល ជូនដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានរួមគ្នាជាមហាសាមគ្គីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី។
ជាការឆ្លើយតបនឹងការកោតសរសើររបស់រាជរដ្ឋាភិបាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀតដោយប្រកាន់យកគោលការណ៍បម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យអស់ពីកំលាំងកាយចិត្ត សំដៅកសាងខ្លួនឱ្យក្លាយជាកំលាំងពិត គុណភាពពិតប្រាកដរបស់វិស័យសុខាភិបាល។
ជាកិច្ចបន្តលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកអត្ថន័យនៃភាពជាអ្នកដឹកនាំចំនួន២គឺ៖ ១) អ្នកដឹកនាំត្រូវផ្តោតទៅលើគោលដៅរួមដែលនឹងនាំយកនូវផលប្រយោជន៍ ជូនដល់ក្រុមការងារ និងសង្គមទាំងមូល និង ២)អ្នកដឹកនាំជាអ្នកសម្រេចចិត្ត និងជាអ្នកគូរផ្លូវសមស្របដើម្បីសម្រេចគោលដៅរួមនោះ។ ឯកឧត្តមសាស្រ្តាចារ្យក៏បានរំលឹកឡើងវិញ អំពីខ្លឹមសារសំខាន់ៗនៃបដិសំយោគរូបធាតុ រួមមាន សម្ព័ន្ធភាពជាសកល និងការវិវត្តនៃវិចារវិជ្ជា សម្ភារៈនិយម ដែលគោលគំនិតនេះមានភាពចាំបាច់សម្រាប់ការសិក្សាបន្ថែមក្នុងទ្រឹស្តីទស្សនវិជ្ជា សម្រាប់ការអភិវឌ្ឍនៃការពិចារណារបស់មនុស្ស៕