(បន្ទាយមានជ័យ)៖ អាជ្ញាធរកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនៅសេសសល់អាចធ្វើដំណើរត្រឡប់ចូលប្រទេសរៀងខ្លួនវិញ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត។
សេចក្ដីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា នៅព្រឹកថ្ងៃនេះ ក្រុមយោធាថៃបានអនុញ្ញាតឲ្យពលករ និងអាជីវករខ្មែរនៅផ្សាររ៉ុងកឿ ចេញពីប្រទេសខ្លួន ហើយអាជ្ញាធរកម្ពុជា ក៏បានទទួលប្រជាពលរដ្ឋឲ្យវិលត្រឡប់ចូលប្រទេសវិញផងដែរ។
ដោយឡែក សម្រាប់ជនជាតិថៃ ដែលនៅសេសល់ក្នុងក្រុងប៉ោយប៉ែត ក៏អាជ្ញាធរកម្ពុជាអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសគេវិញដូចគ្នា។
បើតាមសេចក្ដីរាយការណ៍, មកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រុមយោធាថៃបន្ដសម្រេចបិទដោយឯកតោភាគីដដែល មិនទាន់បើកវិញជាផ្លូវការនោះទេ៕