(ភ្នំពេញ)៖ លោក សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលិខិតថ្លែងអំណរគុណ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ និងបច្ច័យ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ជាម លាភ ត្រូវជាអ្នកម្តាយរបស់លោក។

ក្នុងលិខិតថ្លែងអំណរគុណបានសរសេរថា «ខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ សូមគោរពសម្តែងនូវកតញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារលិខិតចូមរួមរំលែកទុក្ខ និងបច្ច័យដល់ក្រុមគ្រួសារយើងខ្ញុំ ចំពោះមរណភាព មហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ជាម លាភ ត្រូវជាអ្នកម្តាយ ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់បំផុតរបស់ក្រុមគ្រួសារយើងខ្ញុំ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១២ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩និង២៥នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។

សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឡើយ។

យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាព ល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងជួបប្រទះតែនឹងពុទ្ធពរទាំ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវគារវកិច្ច ដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ»៕