(បន្ទាយមានជ័យ)៖ លោកស្រី ផែថងថាន ស៉ីណាវ៉ាត្រ នាយករដ្ឋមន្ដ្រីថៃ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះពិនិត្យស្ថានភាពផ្ទាល់នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ឈមជាមួយច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតរបស់កម្ពុជា។ ប៉ុន្ដែលទ្ធផលយ៉ាងណានៃការចុះពិនិត្យស្ថានភាពនេះ មិនទាន់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃណាមួយ ចេញផ្សាយនៅឡើយទេ។

ស្របពេលនៃការចុះពិនិត្យទីតាំងនៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់ជាមួយច្រកទ្វារអន្ដរជាតិប៉ោយប៉ែតនៅព្រឹកនេះ អាជ្ញាធរកម្ពុជា-ថៃ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនៅសេសសល់អាចធ្វើដំណើរត្រឡប់ចូលប្រទេសរៀងខ្លួនវិញ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត។

សេចក្ដីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា នៅព្រឹកថ្ងៃនេះ ក្រុមយោធាថៃបានអនុញ្ញាតឲ្យពលករ និងអាជីវករខ្មែរនៅផ្សាររ៉ុងកឿ ចេញពីប្រទេសខ្លួន ហើយអាជ្ញាធរកម្ពុជា ក៏បានទទួលប្រជាពលរដ្ឋឲ្យវិលត្រឡប់ចូលប្រទេសវិញផងដែរ។ ដោយឡែក សម្រាប់ជនជាតិថៃ ដែលនៅសេសល់ក្នុងក្រុងប៉ោយប៉ែត ក៏អាជ្ញាធរកម្ពុជាអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសគេវិញដូចគ្នា។

បើតាមសេចក្ដីរាយការណ៍, មកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រុមយោធាថៃបន្ដសម្រេចបិទដោយឯកតោភាគីដដែល មិនទាន់បើកវិញជាផ្លូវការនោះទេ៕