(ឧត្ដរមានជ័យ)៖ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ នៅតំបន់សមរភូមិមុខជីកលេណដ្ឋាន ដើម្បីការពារខ្លួន ស្របពេលស្ថានភាពតានតឹងដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។

ការគូសបញ្ជាក់នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្រុក-​ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។ សម្តេចតេជោ​បន្តថា សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែល​សម្តេច​បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា ត្រូវធ្វើការជាមួយប្រជាជន ទើបប្រជាជនបន្តបោះ​ឆ្នោត​ឲ្យ​ទៀត​។ សម្តេចណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន ដូច្ចេះសម្តេច​ចង់​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​មាន​ភាព​ជិត​ស្និត​ជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋ និង​បម្រើ​ប្រជា​ពលរដ្ឋ​អោយ​បា​ន​ល្អ។​

ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែល​ខំ​ប្រឹង​ដើម្បី​ប្រជាពលរដ្ឋនាពេលកន្លងមក ជាមួយគ្នានេះសម្ដេចបានបញ្ជាក់ដល់ ​ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាព​នយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះ​យ៉ាង​ណាក៏​ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅ​ជា​កាលា​នុវត្តភាព​។

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រុ​ម​ប្រឹក្សា​ជំរុញ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ផលិត​ផល​កសិកម្ម​ប្រែ​ក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព លើកទឹកចិត្តឲ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុង​ខេត្ត​ហើយ​កង​ទ័ព​ នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឲ្យមានការដាំដុះ ដើម្បីផ្គត់​ផ្គង់​កម្លាំង​ប្រដាប់​អាវុធ​នៅនឹងកន្លែង, តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់​អាវុធ​អាច​តម្រូវ​ការយូរអង្វែង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការ​ផ្លាស់​ប្តូរ​មេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូច​កន្លង​ទៅ​កាល​ពី​ឆ្នាំ​២០១១​នោះ​ទេ​។ សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ហើយ​កុំ​ភ្លេច​ការ​បង្ក​បង្កើន​ផល​ទោះ​សភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល​នេះរ​ដូវ​វស្សា​បាន​មក​ដល់​ហើយ​។

បន្ថែមពីនេះ​ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គោល​នយោ​បាយ​​ភូ​មិ​ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់ ហើយអ្នក​ដឹក​នាំ​មាន​ប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូល​រួម​គ្រប់​គ្រង​សន្តិសុខ​សង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និង​កង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ។

ចំពោះការបិទព្រំដែនតាមទំនើងចិត្តរបស់ថៃ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ថៃបិទដោយ​ខ្លួន​ឯង​ ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេស​ថៃ​បច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេ​ស៊ី​ជា​ដើម​ក៏មានបញ្ហាជាមួយគ្នាដែរ។ សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឲ្យព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕