(ព្រះវិហារ)៖ ក្នុងស្មារតីរួបរួមខ្មែរតែមួយ! និងជាសក្ខីភាពបង្ហាញពីការរួបរួមគ្នាដ៏រឹងមាំក្នុងជាតិសាសន៍ខ្មែរតែមួយ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប បាននាំយកថវិកាចំនួន ២០០លានរៀល គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់កងកម្លាំងទាហានជួរមុខការពារនៅតំបន់ព្រំដែន ដើម្បីផ្គត់ផ្គង់តាមតម្រូវការ ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រនូវការតស៊ូពុះពាររបស់កងទ័ពខ្មែរ ដែលរក្សានូវឯករាជ្យភាពដែនដី និងការពារសន្តិភាពជូនជាតិ។

លោកឧកញ៉ា ង៉ូវ លាងហួត អគ្គនាយកក្រុមហ៊ុន អេច ជី ប៊ី គ្រុប បានមានប្រសាសន៍ថា «យើងជឿជាក់ថា ក្នុងនាមជាជាតិសាសន៍ខ្មែរតែមួយ ឈាមជ័រជាខ្មែរ វាជាកាតព្វកិច្ចក្នុងការរួមគ្នាប្រឈមមុខ និងគាំទ្រការដឹកនាំដែលនាំមកជាប្រយោជន៍ និងសន្តិភាពជាតិ។ ស្មារតីរួបរួមជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបក្នុងកាលៈទេសៈដ៏តានតឹងនេះ ហើយក្រុមហ៊ុន អេច ជី ប៊ី គ្រុប រួមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ ពិតជាយកចិត្តទុកដាក់នឹងការចូលរួមចែករំលែក នូវបន្ទុករបស់រាជរដ្ឋាភិបាលដើម្បីសន្តិសុខជាតិមាតុភូមិ»

ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យពាណិជ្ជកម្ម និងយានយន្តនៅកម្ពុជា ក្រុមហ៊ុន អេច ជី ប៊ី គ្រុប តែងតែបំពេញបេសកកម្មដែលជម្រុញឲ្យមានការអភិវឌ្ឍ និងចូលរួមជាចំណែកមួយ ជាមួយរាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍នៅក្នុងសហគមន៍៕