(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ «ការត្រៀម លក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation)»។
តាមរយៈសាលិខិតនេះ សម្តេចបវរធិបតីបានបញ្ជាក់ថា ការប្រារព្ធទិវាជាតិជាលើកទី២ បានបញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់ ការប្តេជ្ញាជំរុញគាំទ្រ និងការផ្តល់តម្លៃដល់វិស័យនេះ ដែលជាឆ្អឹងខ្នងនិងជាកម្លាំងចលករអូសទាញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម។ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្តល់នូវមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម និង រួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។
សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីកាន់តែធំធេងនិងគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។ លក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍបានផ្តល់ជូនកម្ពុជា នឹងមានការប្រែប្រួល ហើយកាន់តែតឹងរឹងជាងមុន។ ប្រការនេះទាមទារឱ្យគ្រប់តួអង្គមិនថាវិស័យសាធារណៈ ឬវិស័យឯកជន ជាពិសេសសហគ្រាសគ្រប់ប្រភេទ ត្រូវបង្កើននិងពង្រឹងសមត្ថភាព មានការអភិវឌ្ឍនិងវិវត្តអាជីវកម្មខ្លួនជាប្រចាំ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន និងអាចបន្តប្រកួតប្រជែងក្នុងសង្វៀនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំងស្រុង ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២៖