(ភ្នំពេញ)៖ ពលករខ្មែរម្នាក់មុនពេលចាកចេញពីប្រទេសថៃ ត្រូវបានអ្នកសារព័ត៌មានថៃសម្ភាស ដើម្បីឲ្យបង្ហាញអំពីចំណាប់អារម្មណ៍ និងសួរសំណួរចាក់ដោតលើបញ្ហាការងារនៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយស្ថានភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

ឆ្លើយដោយមិនស្ទាក់ស្ទើរឡើង ពលករខ្មែរបានលើកឡើងថា គាត់មិនបារម្ភចំពោះបញ្ហាអត់ការងារធ្វើនៅពេលត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ ពោលរដ្ឋាភិបាលកម្ពុជា បានគិតគូរលើបញ្ហាការងារនេះ ជូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃដូចរូបគាត់ហើយ។

ចំពោះសំណួរថា នៅពេលស្ថានភាពធូរស្រាលតើនឹងវិលត្រឡប់ទៅប្រទេសថៃវិញទេ? ស្ដ្រីពលករខ្មែររូបនេះបានឆ្លើយតបថា ទោះបីស្ថានភាពធូរស្រាល ហើយអាចវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញបាន ក៏គាត់មិនទៅវិញដែរ ព្រោះនៅខ្មែរមានការងារធ្វើហើយ។

ពលករខ្មែរបន្ដទៀតថា ចំពោះប្រាក់កម្រៃដែលបានមកពីការងារនៅប្រទេសថៃ សម្រាប់គាត់ដែលជាពលរដ្ឋខ្មែរ ក៏មិនបានច្រើនប៉ុន្មាននោះដែរ ពោលត្រូវបង់ពន្ធឲ្យរដ្ឋថៃវិញដដែល ប៉ុន្ដែបើនៅខ្មែរមិនចាំបាច់បង់ពន្ធអ្វីឡើយ៕