(ភ្នំពេញ)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្ថាបនាផ្លូវបេតុង ផ្លូវក្រាលដីល្បាយក្រួស និងការសាងសង់លូប្រអប់មុខចំនួន១កន្លែង នៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកណ្តាល។
គម្រោងទាំង៣នេះរួមមាន៖
*គម្រោងទី១៖ ការងារសាងសង់លូប្រអប់មុខបីចំនួន ១កន្លែង លូប្រអប់មុខពីរចំនួន ២កន្លែង លូប្រអប់មុខមួយចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ១កន្លែង ស្ថិតនៅ ភូមិស្វាយ និងភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង (គម្រោងលេខ DRR-NC-2024-No.059) ។
*គម្រោងទី២៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៨,៣០០ម ទទឹង ៥ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខបីចំនួន ១កន្លែង សំណង់បង្កៀរទឹកមាន លូប្រវែង ៥០ម ទទឹង ៨ម ចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅចាប់ពី ភូមិតារៀម ភូមិអូរពពេល ទៅភូមិស្វាយផ្អែម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (គម្រោងលេខ DRR-NC-2024-No.044)។
*គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១០ខ្សែ ប្រវែងសរុប ១,៤៧៧ម៉ត្រ (ខ្សែទី១ និងខ្សែទី២ ប្រវែងសរុប ១០៧ម ទទឹង ២,៥ម កម្រាស់ ០,១២ម ខ្សែទី៣ ប្រវែង ៨០ម ទទឹង ១,៨ម កម្រាស់ ០,១២ម ខ្សែទី៤ ប្រវែង ១១៣ម ទទឹង ១ម កម្រាស់ ០,១២ម ខ្សែទី៥ និងខ្សែទី៧ ប្រវែងសរុប ១៥៥ម ទទឹង ២ម កម្រាស់ ០,១២ម ខ្សែទី៦ ប្រវែង ២៩ម ទទឹង ១,៥ម កម្រាស់ ១១២ម ខ្សែទី៨ ប្រវែង ៥០០ម ទទឹង ១០ម កម្រាស់ ១២ម ខ្សែទី៩ និងខ្សែទី១០ ប្រវែងសរុប ៤៩៣ម ទទឹង ៥ម កម្រាស់ ០,២ម)សាងសង់លូគ្មាន ស្ថាបចំនួន ៩កន្លែង លូមូលបណ្តោយផ្លូវចំនួន ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ៩៥០ម និងអណ្តូងលូចំនួន ៣០កន្លែង ស្ថិតនៅភូមិស្វាយជ្រុំ ភូមិឡឥដ្ឋ និងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល (តម្រោងលេខ DRR-NC-2023-No.099)។ អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សោម សុដេត នាយករង នាយកដ្ឋាន វិស្វកម្ម ក្រសួងការពារជាតិ ។
នាឱកាសនោះ លោកបណ្ឌិត សៅ ជីវ័ន្ត បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ចែកជូនដល់ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងបានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង។
លោកបានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋកាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។
លោកបានបន្ថែមថា បញ្ហានេះក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គម កិច្ចនៅជនបទជាពិសេសការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ, ជាក់ស្តែងជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយ ផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត សៅ ជីវ័ន្ត ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាដងផ្លូវ សូមចូលរួមជួយថែទាំផ្លូវ និងសូមកុំដឹកជញ្ជូនលើសទម្ងន់ និងសូមកុំបោះចោលសំរាមនៅតាមមាត់លូ ដែលជាមូលហេតុនាំឱ្យស្ទះលូនៅរដូវវស្សា ដែលជាមូលហេតុមួយនាំឱ្យផ្លូវឆាប់ខូចជាដើម។
គណៈកម្មការអន្តរក្រសួងក៏បានស្តាប់នូវសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការស្នើសុំបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ដាក់លូ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់អាចដឹកជញ្ជូនកសិផល និងធ្វើដំណើរជាដើម៕