(រតនគិរី)៖ លោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកបរកែវ ខេត្តរតនគិរី។
ពិធីខាងលើនេះប្រព្រឹត្តទៅក្នុងសាលប្រជុំសាលាស្រុកបរកែវ ដោយមានការចូលរួមពីលោក កង សារឿន អភិបាលស្រុកបរកែវ, ប្រធានក្រុមប្រឹក្សាស្រុកបរកែវ, មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធាន-អនុប្រធានមន្ទីរអង្គភាពមួយចំនួន ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកបរកែវជាច្រើននាក់។
តាមសេចក្តីប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការលេខ ៤៩០៤ ប្រក របស់ក្រសួងមហាផ្ទៃ សម្រេច ផ្ទេភារកិច្ចលោក រចំ ហ្វា ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលស្រុកអូរយ៉ាដាវ ទៅជាអភិបាលរង នៃគណៈអភិបាល ស្រុកបរកែវខេត្តរតនគិរី។
លោក ម៉ា វិចិត្រ បានផ្តាំផ្ញើលោក រចំ ហ្វា ត្រូវប្រើប្រាស់ឱ្យអស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែងអនុវត្តន៍តាមតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឱ្យការងារស្រុក បរកែវ មានការ អភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលស្រុកឃុំ ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួល ខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍន៍ស្រុកបរកែវ ឱ្យកាន់តែមានការរីកចម្រើន សម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត។
ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ លោកស្នើក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំង ស្រុកបរកែវ សូមផ្តល់ការគាំទ្រដល់លោកអភិបាលរងស្រុកថ្មី ក្នុងការចូល រួមបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍស្រុកបរកែវឱ្យកាន់តែមានការរីកចម្រើនជាបន្តទៀត៕