(ព្រះវិហារ)៖ ក្នុងឯកសណ្ឋានកងទ័ព សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់បំផុត ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ចដើម្បីការពារសត្រូវ និងវាយបកសត្រូវដែលឈ្លានពានដែនអធិបតេយ្យកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលជាមួយកងទ័ពជួរមុខនៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ ប៉ុន្ដែក៏មិនអាចឈរឱបដៃមើលប្រទេសណាមកឈ្លានពានកម្ពុជាបានដាច់ខាត។

សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងមិនចង់ធ្វើសង្គ្រាមទេ តែយើងត្រូវបង្ខំចិត្តធ្វើសង្គ្រាម នៅពេលមានការឈ្លានពានបានមកដល់ ដូច្នេះកម្លាំងទាំងអស់ត្រូវត្រៀមរៀបចំខ្លួន។ លើកនេះយើងមិនត្រឹមតែការពារខ្លួនទេ យើងប្រើសិទ្ធិការពារខ្លួនផង និងយើងវាយបកផង»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កម្ពុជាចង់បានសន្ដិភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ចង់រួមរស់នៅជាមួយក្រុមគ្រួសារ ប៉ុន្ដែជម្លោះរបស់ប្រទេសជិតខាងគ្នាឯង តែបានបញ្ជូនជម្លោះមកជាមួយកម្ពុជា ដូច្នេះកម្ពុជាមិនអាចទទួលយកបាននូវការប្រមាថ ឬការឈ្លានពានមួយបានទេ។ កម្ពុជា គឺជាតិសាសន៍ថ្លៃថ្នូរ ហើយមិនឈ្លានពានប្រទេសគេ ប៉ុន្ដែមិនឱបដៃឲ្យគេឈ្លានពានយើងដែរ។

បុរសខ្លាំងកម្ពុជា ដែលធ្លាប់ហែលឆ្លងគ្រប់សមរភូមិ ដោយរកជីវិតធ្វើដើមទុនរំដោះប្រទេសចេញពីភ្លើងសង្គ្រាម នាំមកនូវសន្ដិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នឹងអនុវត្តនូវភារកិច្ចដែលត្រូវបានប្រគល់ដោយបញ្ជាការគ្រប់ជាន់ថ្នាក់ឲ្យបានគត់មុត៕