(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាបន្តកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូច និងមធ្យម ឱ្យកាន់តែរស់រវើក និងគ្រប់ជ្រុងជ្រោយ។
ការផ្ដល់អនុសាសន៍នេះរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងនៅក្នុងកម្មពិធីបើកទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមលើកទី២ ក្រោមមូលបទ «ការត្រៀមលក្ខណៈរបស់ សហគ្រាសធុនមីក្រូតូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច»។
ក្នុងឱកាសនោះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ស្របពេលដែលពិភពលោកទាំងមូលរួមទាំងកម្ពុជា ត្រូវបានបន្តហ៊ុមព័ទ្ធ ដោយ បញ្ហាប្រឈម កាន់តែស្មុគស្មាញ និងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ការជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យម ចាំបាច់ត្រូវមានការគិតគូរបន្ថែម សំដៅ ដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ដើម្បីបង្កើតកាលានុវត្តភាពបន្ថែម សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម របស់កម្ពុជា សំដៅជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡើង ។
ក្នុងទិសដៅនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក៏ដូចជាក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដើម្បីរួមគ្នាបន្តកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូច និងមធ្យម ឱ្យកាន់តែរស់រវើក និងគ្រប់ជ្រុងជ្រោយ ដូចខាងក្រោម៖
*ទី១៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានកិច្ចសហការស្អិតល្មួតពីក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យរីកធំធាត់រហ័សនិងអាចចូលរួមពេញលេញ ក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
*ទី២៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានកិច្ចសហការជិតស្និទ្ធពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការរៀបចំនិងបញ្ចប់ យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម សំដៅកំណត់ឲ្យបានច្បាស់លាស់នូវទិសដៅក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និង មធ្យម ដោយគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយនូវស្ថានភាពបច្ចុប្បន្ន កាលានុវត្តភាព កត្តាភូមិសាស្ត្រនយោបាយ ក៏ដូចជានិន្នាការរយៈពេលវែង។
*ទី៣៖ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តជំរុញការធ្វើឌីជីថលូបនីយកម្ម តាមរយៈថ្នាល CamDX ដើម្បីលើកកម្ពស់គុណភាព និងតម្លាភាពនៃសេវាសាធារណៈ ព្រមទាំងកាត់បន្ថយបន្ទុកចំណាយ និងផ្តល់ភាពងាយស្រួលឲ្យបានជាអតិបរមាដល់ការបង្កើត និងការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។
*ទី៤៖ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សហគ្រិនភាព ជាពិសេសសម្រាប់សហគ្រិនជាស្ត្រី ការលើកកម្ពស់ធុរកិច្ចថ្មី ព្រមទាំងការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងអាជីវកម្ម និងបង្កើនផលិតភាពនិងភាពប្រកួតប្រជែង។
*ទី៥៖ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តជំរុញការផ្សព្វផ្សាយនិងការអនុវត្ត ការលើកទឹកចិត្តផ្នែកពន្ធដារ និងផ្នែកគយ ចំពោះសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពក៏ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះ សហគ្រាសធុនមីក្រូតូច និងមធ្យម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធស្របតាមបទប្បញ្ញត្តិជាធរមាន។
*ទី៦៖ ខ្ញុំសូមលើកទឹកចិត្តម្ចាស់សហគ្រាសធុនមីក្រូតូច និងមធ្យមទាំងអស់ ទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីការគាំទ្រទាំងឡាយរបស់រាជរដ្ឋាភិបាល ដូចខ្ញុំបានគូសបញ្ជាក់ខាងលើ ដើម្បីបន្តអភិវឌ្ឍខ្លួន បង្កើនសមត្ថភាព និងផលិតភាព ជាពិសេសតាមរយៈការចាប់យកបច្ចេកវិទ្យា ឌីជីថល, ការបង្កើនភាពធន់សំដៅឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃនិន្នាការតំបន់ និងសកល ព្រមទាំងការចូលរួមជាមួយរាជរដ្ឋាភិបាលឲ្យបានពេញលេញ ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។