(កណ្តាល)៖ សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កងកម្លាំងនគរបាលជាតិទាំងអស់ គឺមានតួនាទីសំខាន់ និងការងារច្រើនណាស់ ដើម្បីចូលរួមបម្រើជាតិ បម្រើប្រជាពលរដ្ឋ បានរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងប្រកៀកស្មារគ្នាជាមួយកងយោធពលខេមរភូមិន្ទ ឈរការពារអធិបតេយ្យភាពទឹកដីកម្ពុជា ពីបរទេសឈ្លានពាន។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងមានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ និងកំពុងស្ថិតនៅរបត់កំណែទម្រង់ដ៏ត្រឹមត្រូវ ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវដែលគួរឱ្យកោតសរសើរ និងលើកទឹកចិត្ត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះក៏ទទួលបានលទ្ធផលផ្លែផ្កាគួរទីមោទន ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាមតម្រូវការរបស់អង្គភាពប្រើប្រាស់កម្លាំង ទោះបីជាមានការបញ្ហាលំបាក និងបញ្ហាប្រឈមមួយចំនួនក៏ដោយ។ បញ្ហាទាំងនេះយើងនឹងបន្តដោះស្រាយគ្នាជាបន្តបន្ទាប់ តាមដំណាក់កាល និងតាមលំដាប់នៃអាទិភាពជាក់ស្តែង នេះជាសក្ខីភាពដែលបង្ហាញឱ្យឃើញកាន់តែច្បាស់បន្ថែមទៀតអំពីតួនាទីដ៏សំខាន់របស់រាជបណ្ឌិត្យសភានគរបាលដែលជាតួអង្គបណ្តោះបណ្តាលធនធានមនុស្សបន្តវេន តាមរយៈការអប់រំ បណ្តោះបណ្តាលប្រកបដោយគុណភាពប្រសិទ្ធភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើជាតិ និងប្រជាជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់សង្គមជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «កងកម្លាំងនគរបាលជាតិ មានតួនាទីច្រើនណាស់ ហើយភារកិច្ចក៏ច្រើន កងទ័ពភារកិច្ចមានកំណត់ ប៉ុន្តែ សម្រាប់កងនគរបាលមានតួនាទីទាំងការពារព្រំដែន ធ្វើជាមន្ត្រីនគរបាលយុត្តិធម៌ អន្តោប្រវេសន៍ អត្តសញ្ញាណកម្ម គឺទទួលភារកិច្ចច្រើន ទាំងនេះគឺចាំបាច់ក្នុងការបណ្តោះបណ្តាលធនធានមនុស្សដ៏សំខាន់»។
ក្នុងន័យនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលជាតិទាំងអស់ ដែលខិតខំបំពេញភារកិច្ច ក្នុងការចូលរួមការពារអធិបតេយ្យភាព ទឹកដីរបស់យើង ធ្វើការងារទំនាក់ទំនងជាមួយប្រទេសជិតខាង ព្រមទាំងការបម្រើសេវាគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព ក៏ដូចជាការផ្តល់សេវាសំខាន់ៗនៅមូលដ្ឋានតាំងពីប៉ុស្តិ៍នគរបាលតាមមូលដ្ឋាន រហូតមកដល់ថ្នាក់លើ។ ចំណុចនេះ គឺជាការខិតខំប្រឹងប្រែង និងការចូលរួមដ៏សំខាន់របស់មន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់។
ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់មន្ត្រីនគរបាល, ត្រូវសម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងពីការបំពេញភារកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនទាំងហាលថ្ងៃ ហាលភ្លៀងដើម្បីសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់នានា នៅតាមដងផ្លូវជូនប្រជាពលរដ្ឋ។ បើទោះបីការងារបំពេញភារកិច្ចរបស់មន្ត្រីនគរបាលមួយចំនួនមិនទាន់ល្អឥតខ្ចោះ ប៉ុន្តែ ការលះបង់ និងបំពេញភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ដែលជាតួអង្គសំខាន់ក្នុងការងារបម្រើសេវានានាជូនដល់ប្រជាពលរដ្ឋគ្រប់រូប។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖ «នៅខ្សែត្រៀមជួរមុខ ក៏មានកម្លាំងនគរបាលជាតិ កំពុងប្រកៀកស្មារជាមួយកងទ័ព ដើម្បីការពារបូរណភាពទឹកដី ចំណុចនេះបានបង្ហាញអំពីស្មារតីនៃការសហការគ្នា រវាងកងកម្លាំងប្រដាប់អាវុធយើងទាំងអស់ ក្នុងការងារការពារទឹកដី ក្នុងនាមជាខ្មែរ នៅពេលដែលមានការគំរាមឈ្លានពាននេះជាកិច្ចការសំខាន់»៕