(ព្រះវិហារ)៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារមួយទៀតទៅកាន់សារព័ត៌មានថៃ ដែលបានបំភ្លៃការពិតមកលើសម្ដេចថា សម្ដេចតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ព ដើម្បីត្រៀមធ្វើសង្គ្រាមជាមួយប្រទេសថៃ ដែលនេះព័ត៌មានបំភ្លៃប្រឌិតដោយសារព័ត៌មានថៃ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយជនភៀសសឹក ដោយសារចោរសៀមឈ្លានពាននៅខេត្តព្រះវិហារ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីសម្ដេចមិនចេញបញ្ជាលើកម្លាំងទ័ព ប៉ុន្ដែសម្ដេចមានភារកិច្ចទទួលខុសត្រូវមួយ ក្នុងឋានៈជាមេដឹកនាំកំពូល លំដាប់លេខពីរ បន្ទាប់ពីព្រះមហាក្សត្រ គឺជាប្រធានព្រឹទ្ធសភា ដែលជាមេដឹកនាំប្រទេស។
ក្នុងន័យនេះ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន បានពន្យល់ថា សម្ដេចមិនមានហេតុផលចាំបាច់ណាមួយ ដើម្បីតែងតាំងខ្លួនឯងជាអគ្គមេបញ្ជាការកងទ័ពនោះទេ ព្រោះសម្ដេចបានលះបង់សូម្បីតែតំណែងជានាយករដ្ឋមន្ដ្រី ដែលធ្លាប់ដឹកនាំប្រទេសជិត៤០ឆ្នាំមកហើយនោះ។ ផ្ទុយទៅវិញ សម្ដេចទេដែលជាអ្នកតែងតាំង អគ្គមេបញ្ជាការកងទ័ព មេបញ្ជាការកងទ័ពជើងគោក ជើងអាកាស និងជើងទឹកជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើទោះបីខ្ញុំមិនចេញបញ្ជាទ័ពទេ ប៉ុន្ដែអ្នកដែលមានសិទ្ធិបញ្ជាទ័ពពេលនេះ គឺនាយករដ្ឋមន្ដ្រីកូនប្រុសរបស់ខ្ញុំ, រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអគ្គបញ្ជាការកងទ័ព។ ប៉ុន្ដែខ្ញុំមានភារកិច្ចទទួលខុសត្រូវមួយ ក្នុងឋានៈជាមេដឹកនាំ ខ្ញុំជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ គឺប្រធានព្រឹទ្ធសភា ដែលមេដឹកនាំរបស់ប្រទេស។ តើខ្ញុំមានការចាំបាច់ដើម្បីទៅកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងទេ សូម្បីតែអំណាចនាយករដ្ឋមន្ដ្រីដែលខ្ញុំធ្លាប់កាន់៣៨ឆ្នាំ ក៏ខ្ញុំលះបង់»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ថ្នាក់ដឹកនាំជាតិ និងមេទ័ពកំពូលៗ បានស្នើសុំផ្ដល់តំណែងជូនសម្ដេចជា «អគ្គភ័ស្ដុភាងជាន់ខ្ពស់» ហើយកាលពីព្រឹកមិញនេះ សម្ដេចក៏ពេញចិត្តក្នុងការទទួលយកតំណែងនេះ ដើម្បីផ្គត់ផ្គង់កងទ័ព វៃចោរសៀមឈ្លានពាន។ សម្ដេចបន្ដថា សំឡេងរបស់សម្ដេច គឺជាសំឡេងរបស់ជាតិកម្ពុជា ជាមេដឹកនាំក្នុងការលើកគោលនយោបាយ យុទ្ធសាស្ដ្រការពារជាតិ ដោយផ្អែកលើខឿនការពារជាតិរបស់ប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា សម្ដេចបានចូលរួមដឹកនាំ និងដឹកនាំប្រទេសនេះ រយៈពេលជិតកន្លះសត្សវត្សទៅហើយ ដូច្នេះគ្មានការចាំបាច់ណាដើម្បីឲ្យសម្ដេច ទៅកាន់អគ្គមេបញ្ជាការកងទ័ពខ្លួនឯងនោះទេ។ ផ្ទុយទៅវិញសម្ដេច មិនត្រឹមតែជាមេទ័ពទេ តែសម្ដេចជាអ្នកបង្កើតទ័ពដើម្បីវាយប៉ុល ពត កាលអតីតកាល។
សូមជម្រាបថា ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បណ្តាមេទ័ពទាំងអស់ បានស្នើសុំឲ្យសម្តេចធ្វើជា អគ្គភស្តុភាកំពូល នៃកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយល់ព្រមធ្វើជា អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ តាមសំណើមេបញ្ជាការនានាឈរការពារទឹកដីព្រំដែន។
សម្តេចបានទទួលយកនូវសំណូមពរ ហើយសម្តេចបានបញ្ជាក់ប្រាប់មេបញ្ជាការទាំងអស់កុំឲ្យញញើត រួញរាញ ក្នុងការតបតជាមួយសត្រូវ ជាមួយបច្ចាមិត្ត ហើយកុំបារម្ភចំពោះការទ្រទ្រង់ផ្គត់ផ្គង់ ក្នុងប្រតិបត្តិការ នៃការកិច្ចការពារបូរណភាពទឹកដី នៃអធិបតេយ្យជាតិរបស់យើងពីការឈ្លានពានណាមួយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យសម្តេចតេជោ៕