(ព្រះវិហារ)៖ ថ្លែងចេញពីទឹកដីខេត្ដព្រះវិហារ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានថ្លែងបញ្ជាក់អំពីសុខភាព របស់សម្ដេចថា គឺនៅល្អទាំងអស់ ហើយបើមានតម្រូវការឲ្យសម្ដេចបញ្ជាទ័ព ឬចូលប្រយុទ្ធ គឺសម្ដេចកំដរបានគ្រប់ពេល។
ការថ្លែងបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួន ចេញពីតំបន់ប្រឈម នៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សុខភាពរបស់ ហ៊ុន សែន នៅល្អណាស់ កុំមើលឃើញថា ហ៊ុន សែន បែបនេះ ជា ហ៊ុន សែន ទន់ខ្សោយ សូម្បីតែឥលូវ ឧទាហរណ៍ត្រូវបញ្ជាកងទ័ព ឬត្រូវចូលប្រយុទ្ធ ហ៊ុន សែន កំដរបាន»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំត្រូវពិនិត្យ ដើម្បីរុករកឲ្យឃើញជំងឺ មានអ្វីខ្លះ អ្វីៗល្អទាំងអស់ ប៉ុន្ដែខ្ញុំទាមទារឲ្យគេពិនិត្យបេះដូងរបស់ខ្ញុំ»។
សម្ដេចតេជោ បានលើកឡើងថា ការពិនិត្យបេះដូងនេះ ព្រោះសម្ដេចមានបងប្រុស ដែលទទួលមរណភាព នៅឆ្នាំ២០២២ ដោយសារតែគាំងបេះដូង ខណៈដែលត្រកូលសម្ដេច និងក្រុមគ្រួសារសម្ដេច មិនដែលមានអ្នកគាំងបេះដូងនោះទេ ចឹងហេតុនេះហើយ បានជាសម្ដេចមានតម្រូវការ ហើយគ្រូពេទ្យក៏ឯកភាព៕