(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ហាញក្ដីសោកសង្រែក និងការឈឺចាប់យ៉ាងជ្រាលជ្រៅ ក្រោយឃើញស្ដ្រីមានផ្ទៃពោះ ជនពិការ ត្រូវរត់ភៀសខ្លួន ដោយសារការឈ្លានពានរបស់ថៃមកកាន់កម្ពុជា ហើយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ស្រក់ទឹកភ្នែកពេលឃើញរូបភាពទាំងនេះ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា​ បញ្ហាព្រំដែននាពេលនេះ គឺកើតឡើងដោយសារទាហានថៃឆ្លងដែនមកបាញ់សម្លាប់យុទ្ធជនម្នាក់របស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវសូម្បីតែអ្នកកូនខ្ចី អ្នកដែលមានផ្ទៃពោះក៏មកកាន់ទីនេះ មនុស្សចាស់ ជនពិការ ក៏មកកាន់ទីនេះ ប្រជាជនកម្ពុជាអត់ចង់បានទេ ខ្ញុំជឿជាក់ថាប្រជាជនថៃក៏មិនចង់បានដែរ ប៉ុន្តែមានជនល្មោភសង្គ្រាមមួយក្រុមតូច ដែលចង់បានចង់ធ្វើរឿងនេះ»

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា «សូមទទួលនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ភរិយារបស់ខ្ញុំប្រធានកាកបាទក្រហមកម្ពុជា ខ្ញុំសូមជម្រាបតាមត្រង់ពិបាកណាស់នៅពេលដែលគាត់ស្រក់ទឹកភ្នែកនៅមុខចានបាយ ភរិយាខ្ញុំភ្នែកទន់ ខ្ញុំក៏ភ្នែកទន់នៅពេលដែលគាត់បានឃើញរូបភាពទាំងឡាយដែលទាក់ទងនឹង បងប្អូនជនភៀសខ្លួន គាត់ស្រកទឹកភ្នែក គាត់យំនៅពេលដែលគាត់ឃើញអ្នកក្រីក្រលំបាក នៅកន្លែងហ្នឹង»

បើតាមប្រសាសន៍របស់សម្ដេចតេជោ, បញ្ហាទាំងអស់នេះកើតឡើង ដោយសារថៃមិនទទួលស្គាល់កិច្ចព្រមព្រៀង បារាំង-សៀម នៅឆ្នាំ១៩០៧ ដែលជាផែនទីពិតប្រាកដ ប៉ុន្តែថៃបែរជាមិនគោរព និងគូរប្លង់ផែនទីដោយខ្លួនឯង ដើម្បីមកបង្កបញ្ហាព្រំដែនជាមួយកម្ពុជា។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសោកស្ដាយ ខណៈពេលដែលសម្ដេចស្ថិតនៅតំបន់ភៀសសឹក សម្ដេចបាននឹកឃើញនូវអ្វីដែលហៅថា «សន្ដិភាព» និងអ្វីទៅដែលហៅថា «សង្គ្រាម» ហើយអតីតកាលរបស់កម្ពុជា ពេលនេះវិលត្រឡប់មកវិញ ដោយសារការឈ្លានពានរបស់ប្រទេសជិតខាង។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋនៅតំបន់ភៀសសឹក ចូលរួមរក្សាអនាម័យ និងការពារខ្លួន ពិសេសស្ដ្រីមានផ្ទៃពោះ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ពលរដ្ឋនៅតាមភូមិឋាន ត្រូវចាត់ចែងរៀបចំលេណដ្ឋាន ដើម្បីការពារខ្លួន។

ថ្លែងទៅកាន់ពលរដ្ឋនៅតំបន់ភៀសសិក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនត្រូវការឈ្លានពានទៅអ្នកណានោះទេ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅហើយ៕