(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ក្រើនរម្លឹកដល់ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ពោះការវាយប្រហារសាយប័រ ក្រោយក្រសួងសង្គេតឃើញមានការវាយប្រហារសាយប័រមកលើវេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។
នៅក្នុងសេចក្តីសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួង ក៏ក្រើនរម្លឹកនិងជម្រាបជូន ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការវាយប្រហារដែលអាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវាអនឡាញប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗដែលអាចនាំឱ្យលេចធ្លាយ និងការលួចគ្រប់គ្រងកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធឈានដល់ការលួចព័ត៌មាន ឬលួចចូលគ្រប់គ្រងប្រព័ន្ធជាដើម។
សូមពង្រឹងការអនុវត្តវិធានការសន្តិសុខដើម្បីការពារប្រព័ន្ធ ការពារគណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួតពិនិត្យភាពមិនប្រក្រតីនៃការចូលប្រើប្រាស់គណនីពីឧបករណ៍ផ្សេងៗ ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) ត្រូវប្រុងប្រយ័ត្ន រាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់ បំពាក់ប្រព័ន្ធសុវត្ថិភាពការពារពីការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យនិងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ប្រតិបត្តិការនៃប្រព័ន្ធ ឬសេវាអនឡាញ៕