(ភ្នំពេញ)៖ សមាគមអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានបើកសម្ពោធជាសាខានៅកម្ពុជា ដែលធ្វើឡើងក្រោមអធិបតីភាព លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ស្របពេលដែលនាយឧត្ដមសេនីយ៍ MORISHITA អគ្គមេបញ្ជាការ នៃកងកម្លាំងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា UENO Atsushi មានថ្លែងថា សាលាបណ្ឌិត្យសភាការពារជាតិជប៉ុន បានទទួលយកនិស្សិតសិក្ខាកាមយោធាកម្ពុជា មកសិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន តាមការស្នើសុំពីសម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅកាន់ក្រសួងការពារជាតិជប៉ុននាពេលនោះ ខណៈដែលសម្ដេចតេជោកំពុងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០០០។

ការទទួលយកនិស្សិតសិក្ខាកាមយោធាកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ២០០៤ ហើយរហូតមកដល់ខែមីនា ឆ្នាំ២០២៥នេះ និស្សិតសិក្ខាកាមយោធាកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន មានចំនួន២៨នាក់។ និស្សិតសិក្ខាកាមទាំងនោះ បានបញ្ចប់សិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន គឺជានិស្សិតឆ្នើម ដែលប្រកបដោយសមត្ថភាពខ្ពស់ ហើយបានត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ពួកគេបាននឹងកំពុងធ្វើការយ៉ាងសកម្មនៅតាមទីតាំងសំខាន់ៗ ក្នុងកងយោធពលខេមរភូមិន្ទ ក៏ដូចជាក្រសួងការពារជាតិ និងដើរតួនាទីយ៉ាងសកម្ម ក្នុងវិស័យផ្សេងៗទៀតជាច្រើន ជាពិសេសវិស័យការពារជាតិ រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជាផងដែរ។

តាមរយៈការសម្ពោធសមាគមអតីតនិស្សិតយោធា សាខាប្រទេសកម្ពុជានៅពេលនេះ នឹងពង្រឹងបន្ថែមទៀតនៅចំណងទំនាក់ទំនងរវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកងយោធពលខេមរភូមិន្ទ ក៏ដូចជាក្រសួងការពារជាតិនឹងកាន់តែមានភាពស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុននឹងបន្តការរីកចម្រើនជាលំដាប់។ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា គាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពនានារបស់សមាគមអតីតនិស្សិតយោធាសាខាប្រទេសកម្ពុជា តាមរយៈការរៀបចំកម្មវិធីជួបជុំជាទៀងទាត់ ក្នុងគោលបំណងរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងអតីតនិស្សិត និងស្ថានទូតជប៉ុន។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា បានបង្ហាញមោទនភាព ដែលរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតនៅកម្ពុជា បានគាំទ្រចំពោះការបង្កើតឱ្យមានសមាគមអតីតនិស្សិតយោធា នៃសាលាបណ្ឌិតសភាការពារជាតិជប៉ុន សាខាប្រទេសកម្ពុជា បង្ហាញឱ្យឃើញពីភាពរឹងមាំ នៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីកម្ពុជាជប៉ុន ពិសេសក្នុងវិស័យការពារជាតិ។

ទន្ទឹមនឹងនោះនាយឧត្ដមសេនីយ៍បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់អាហាររូបករណ៍ដល់និស្សិតយោធានកម្ពុជាបានទៅបន្តការសិក្សាបង្កើនសមត្ថភាព ព្រមទាំងបានបង្កើនចំនួនអាហារូបករណ៍ពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់ តាមរយៈអតីតនិស្សិតយោធានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេរភាគី និងជួយជំរុញវិស័យការពាជាតិ រវាងប្រទេសកម្ពុជានិងជប៉ុនកាន់តែល្អប្រសើរឡើថែមទៀត។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ហុក វិចិត្រា អតីតៈជានិស្សិតសិក្ខាកាមយោធាកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន ក្នុងចំណោមនិស្សិតសិក្ខាកាមយោធាកម្ពុជា ចំនួន៣០នាក់ ត្រូវបានជាប់ឆ្នោតជាប្រធានសមាគមអតីតនិស្សិតយោធាកម្ពុជា៕