(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សហការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្តរៀបចំបើកវគ្គផ្សព្វផ្សាយស្ដីពី «ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា រួមជាមួយសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ជូនដល់សាមណនិស្សិត-និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ចំនួន១០០ អង្គ/នាក់ នៃសាកលវិទ្យាល័យបៀលប្រាយ ក្រោមវត្តមាន លោក មុំ ភិរក្ស នាយករង នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា, លោក មាស រ៉េនរិទ្ធ ព្រឹទ្ធបុរសជាន់ខ្ពស់នៃសាកលវិទ្យាល័យបៀលប្រាយ និងលោក យុន បញ្ញាវ័ន្ត មន្ត្រីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម( ICRC )។
ការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ» គឺជាការងារសំខាន់មួយនៃវិស័យអាទិភាពទី៣ នៃយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គឺ វិស័យអាទិភាព លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។
ក្នុងនោះកាលពីថ្ងៃទី២៥ ខែមិថុនា ម្សិលម៉ិញនេះ កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក៏បានបើកវគ្គផ្សព្វផ្សាយខាងលើនេះ ជូនដល់គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ចំនួន១០០នាក់ផងដែរ ក្រោមវត្តមាន លោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងលោក រ៉ូវ ផេងសែ នាយករងវិទ្យាស្ថាន និងជាទីប្រឹក្សាយុវជន កក្រក នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
បន្ទាប់ពីបានទទួលវគ្គផ្សព្វផ្សាយខាងលើនេះ គរុនិស្សិត និងនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗបន្ថែមពីលើមុខវិជ្ជាជំនាញដែលបានសិក្សានៅគ្រឹះស្ថានសិក្សារបស់ខ្លួន ដែលជារួមមាន៖ ការយល់ដឹងពីប្រវត្តិនៃការបង្កើតចលនាអន្តរជាតិ នៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ចាប់តាំងពីឆ្នាំ១៨៦៣ រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេល១៦២ឆ្នាំមកហើយ ជាពិសេសតួនាទី/ភារកិច្ចរបស់សមាសភាគទាំងបីនៃចលនា គឺ ទី១. គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ហៅកាត់ថា ICRC) ទី២. សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ហៅកាត់ថា IFRC) និងទី៣ សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្ននេះ មាន១៩១សមាគមជាតិ លើសកលលោក។ ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ក៏បានយល់ដឹងពី លក្ខណៈវិនិឆ្ឆ័យទាំង១០យ៉ាង នៃការទទួលស្គាល់សមាគមជាតិ ជាក់ស្តែងកាកបាទក្រហមកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ។
ទន្ទឹមនឹងនេះ សិក្ខាកាមបានស្វែងយល់ពីអត្ថន័យនៃគោលការណ៍គ្រឹះទាំង៧របស់ចលនា ដែលរួមមាន (ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព) ដែលគោលការណ៍គ្រឹះទាំងនេះ គឺជាវិន័យនៃអាកប្បកិរិយាដែលម្នាក់ៗត្រូវប្រតិបត្តិ ហើយវិន័យនេះ ជានិច្ចកាល ត្រូវអភិបាលគ្រប់សកម្មភាពទាំងអស់ នៃសមាសភាគរបស់ចលនា។
សិក្ខាកាម ក៏បានយល់ដឹងពីចំណុចសំខាន់នៃការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម រួមជាមួយមូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលផ្តោតលើអនុសញ្ញាហ្សឺណែវចំនួន៤ និងពិធីសារចំនួន៣, និងចំណេះដឹងស្តីពី សង្គ្រាមក្នុងទីក្រុងផងដែរ។ បន្ថែមពីនេះ សិក្ខាកាមទាំងអស់ ក៏បានជ្រួតជ្រាបពី ចក្ខុវិស័យ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជាពិសេសសកម្មភាពស្តីពីការរួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕