(កែប)៖ លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់មន្ទីរព័ត៌មានខេត្តកែប ដែលបានប្រព្រឹត្តធ្វើឡើង នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប។
បើតាមលោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងថា បន្ទាប់ពីធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយទ្រង់ទ្រាយធំមួយ នៅសាលាខេត្តកែប ក្រោមអធិបតីភាពលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មន្ទីរបានបន្តចុះធ្វើយុទ្ធនាការនេះ នៅតាមរដ្ឋបាលក្រុង ស្រុក សាលារៀន សាលាឃុំ សង្កាត់ តាមផ្សារ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ហើយជំហ៊ានបន្តយុទ្ធនាការនេះ នឹងបន្តធ្វើនៅតាមតំបន់ទេសចរណ៍កម្សាន្តសំខាន់ៗនៅទូទាំងខេត្តកែប គោលបំណងកាត់បន្ថយ ជាអតិបរមា នូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជាទាំងមូល។
ក្នុងកិច្ចប្រជុំនោះ លោក សោម កុសល បានឱ្យដឹងថា រយៈពេលមួយឆ្នាំកន្លងមកនេះ សម្រាប់បណ្តាមន្ទីរព័ត៌មាននៅទូទាំងប្រទេស ក្នុងការបណ្តាក់វេនរៀបចំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ទៅតាមខេត្តនីមួយៗ។ ដោយឡែកសម្រាប់ខេត្តកែប ជាសប្តាហ៍ទី៤ហើយ ដែលមន្ទីរព័ត៌មានខេត្តកែប កំពុងធ្វើយុទ្ធនាការនេះ។ យ៉ាងណាឆ្លងកាត់រយៈពេល៣សប្តាហ៍កន្លងទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ និងកោតសរសើរមន្ទីរព័ត៌មានខេត្តកែប ចំពោះការរៀបចំអនុវត្តន៍នូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។
លោកអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរមន្ទីរព័ត៌មានខេត្តកែប ដែលឆ្លើយតបបានយ៉ាងល្អ ជាមួយការដាក់ចេញនូវផែនការបស់ក្រសួងព័ត៌មាន ក្នុងការចុះធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ឱ្យបានជ្រាបដល់មូលដ្ឋានប្រជាពលរដ្ឋ ដែលនេះបានឆ្លុះបញ្ជាំងឱ្យឃើញពីការខិតខំប្រឹងប្រែង របស់មន្រ្តីនៃមន្ទីរទាំងអស់។
ទន្ទឹមនេះលោកអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តកែបទាំងអស់ បន្តរក្សាសាមគ្គីភាព ឯឯកភាពផ្ទៃក្នុង ធ្វើយ៉ាងណាបន្តប្រឹងប្រែងបំពេញការងារបន្ថែមទៀត ក្នុងនាមជាសេនាធិការឱ្យរដ្ឋបាលខេត្តកែប ក្នុងការរំលេចស្នាដៃនៃការខិតខំអភិវឌ្ឍរបស់ខេត្ត ក្រោមការដឹកនាំ របស់លោកអភិបាលខេត្ត និងខិតខំដុសខាត់នូវចំណេះដឹងថ្មីៗ ដើម្បីដើរអោយទាន់នូវបរិបទបច្ចេកវិទ្យា ក្នុងការត្រៀមឆ្លើយតបគ្រប់វិធីប្រកបដោយសកម្ម បុរេសកម្ម៕