(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់ ដើម្បីដកសញ្ជាតិជនទាំងឡាយ ដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេស ដែលដឹកនាំដោយ លោក សម រង្ស៉ី ចេញមុខប្រឆាំងចំពោះផលប្រយោជន៍ជាតិ ក្នុងពេលដែលកម្ពុជា និងថៃ ប្រឈមមុខដាក់គ្នាអំពីបញ្ហាព្រំដែន។ ពួកគេ វាយប្រហារលើយោធាកម្ពុជា ព្រមទាំងទាមទារឱ្យរដ្ឋាភិបាល បង្ហាញឯកសារពាក្យបណ្តឹង ដែលកម្ពុជា ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ។
សម្តេចតេជោបានថ្លែងដូច្នេះថា៖ «បើអ្នកប្រឆាំងហើយ បែរជាទៅឃុបឃិតជាមួយបរទេស ប្រហែលជាមានតម្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាថ្មីទៀត ដែលខ្ញុំសូមផ្តាំផ្ញើទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ»។
រដ្ឋធម្មនុញ្ញកម្ពុជា នាពេលនេះ មិនអនុញ្ញាតឱ្យមានការដកសញ្ជាតិចំពោះជនជាតិខ្មែរណាមួយនោះឡើយ។ ដោយឡែកមាត្រា៧ នៃច្បាប់ស្ដីពីសញ្ជាតិ បានចែងដូច្នេះថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក»។
ទោះជាយ៉ាងនេះក្តី កម្ពុជាធ្លាប់មានច្បាប់ដែលអនុញ្ញាតឱ្យដកសញ្ជាតិ ដែលក្នុងនោះមាននៅក្នុងសម័យលន់នល់ជាដើម។ សម្តេចបានរំលឹកអំពីរឿងនេះ ដោយបញ្ជាក់ថា សម័យសាធារណរដ្ឋខ្មែរ តុលាការរបស់លន់នល់ គឺបានកាត់ទោសដកសញ្ជាតិ សម្តេចព្រះនរោត្តម សីហនុ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនេះ គួរតែល្មមដល់ពេលហើយ ដែលត្រូវរៀបចំវិសោធនកម្ម ព្រោះប្រជាពលរដ្ឋខ្មែរបានមើលឃើញយ៉ាងច្បាប់អំពីអ្នកប្រឆាំងចំពោះផលប្រយោជន៍ជាតិ។
សម្តេចបានលើកឡើងថា «ជាការធានាអះអាងមួយដែលថា កម្ពុជាមិនអាចត្រូវបានជ្រៀតជ្រែកដោយការប្រើប្រាស់របស់បរទេស ទៅលើជនជាតិខ្មែរម្នាក់ ដើម្បីផលប្រយោជន៍របស់ខ្លួនទេ»។
សម្តេចបានផ្តាំទៅក្រុមប្រឆាំង ដែលមិនត្រូវធ្វើអ្វីឱ្យហួសហេតុ រហូតទាមទារឱ្យរដ្ឋាភិបាលបង្ហាញត្រារបស់ ICJ។ សម្តេចបានបញ្ជាក់បន្ថែមថា សូម្បីតែតុលាការធម្មតា ក៏យើងមិនមានសិទ្ធិដើម្បីឱ្យគេបង្ហាញឯកសារនេះឬឯកសារនោះឱ្យយើងនោះដែរ។
សម្តេចតេជោ ក៏មិនចង់ឱ្យមានកម្លាតនៃការយល់ដឹងរវាងអ្នកកាន់អំណាច និងអ្នកនយោបាយប្រឆាំងខ្លាំងពេកនោះឡើយ ដែលការមានគម្លាត នៃចំណេះដឹងនេះ នឹងធ្វើឲ្យលំបាក៕