(ភ្នំពេញ)៖ សម្ដេចតេជោនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសឲ្យដឹងថា ព្រឹទ្ធសភានឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដោយកំណត់យកខេត្តធ្វើជាមណ្ឌលបោះឆ្នោត មិនយកភូមិភាគនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចំពោះការធ្វើវិសោធនកម្មបែបនេះ ដើម្បីជំរុញដល់សមាជិកព្រឹទ្ធសភា មានការទទួលខុសត្រូវនៅមូលដ្ឋាន។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងចេញពីខេត្តព្រះវិហារសម្ដេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំសូមយកឱកាសនេះ ដើម្បីសូមថ្លែងអំណរអរគុណ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងឡាយ ដែលបានបោះឆ្នោតគាំទ្រសមាជិក សមាជិកាព្រឹទ្ធសភា ខ្ញុំសូមអរគុណណាស់។ អង្គបោះឆ្នោតនោះក៏បានបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាខេត្ត ខ្ញុំសូមអរគុណ»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ដថា «នៅទីនេះគឺភូមិភាគទី៨ ដោយមានខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ, ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ដោយមានសរុបទាំងអស់ចំនួន៦ខេត្ត។ បច្ចុប្បន្ននេះគឺមា​នការលំបាកណាស់ ក្នុងការធ្វើគណនីភាព ជាមួយនឹងអង្គបោះឆ្នោត ខ្ញុំបានដាក់ចេញគោលដៅតែ២ប៉ុណ្ណោះ ក្នុងនិតិកាលទី៥ នៃព្រឹទ្ធសភានេះក្នុងនោះរួមមាន៖ ១, ធ្វើគណនីភាពជាមួយអង្គបោះឆ្នោត សម្ដៅថាឲ្យសមាជិកព្រឹទ្ធសភា ទៅជួបនឹងក្រុមប្រឹក្សាឃុំសង្កាត់ ហើយតាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់នោះហើយដោយខ្លួន ត្រូវចុះទៅមូលដ្ឋាន ខ្ញុំមិនចង់ឲ្យសមាជិកព្រឹទ្ធសភា ដេកស៊ីប្រាក់ខែនៅភ្នំពេញនោះទេ»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ដោយសារតែឥឡូវនេះ មួយភូមិភាគមានដល់ទៅ៦ខេត្ត ហើយសមាជិកមានចំនួន៦នាក់ ដូច្នេះលំបាក់ក្នុងការបែកចែកឲ្យអ្នកនេះទៅខេត្តណា?, អ្នកនោះទៅខេត្តណា? ដូច្នេះហើយទើបកំពុងមានការគិតគូរធ្វើ វិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា [....]។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «វិធីដែលល្អជាងគេ តាមគំនិតផ្ដួចផ្ដើម, ការពិភាក្សា ជាបឋមជាមួយនឹង ថ្នាក់ដឹកនាំមួយចំនួនថា​ យកប្រព័ន្ធវិធីបោះឆ្នោតតាមរដ្ឋសភាតែម្ដង គឺយកខេត្តធ្វើជាមណ្ឌល ដោយមិនចាំបាច់យកភូមិភាគ ក្នុងន័យនេះគឺចង់បញ្ជាក់ជា ឧទាហរណ៍ជាក់ស្ដែងថា ប្រសិនបើខ្ញុំមកឈរនៅខេត្តព្រះវិហារ គឺច្បាស់ថា ខេត្តព្រះវិហារខ្ញុំត្រូវតែមក ខេត្តព្រះវិហារដោយជាក់លាក់។ ដូច្នេះលទ្ធភាពនៃការធ្វើ វិសោធនកម្មបោះឆ្នោតព្រឹទ្ធសភា ដោយបែងចែកមណ្ឌលឡើងវិញពី៨ភូមិភាគ ទៅកាន់ជាង២៥មណ្ឌលបោះឆ្នោត ដោយអាចចាប់ផ្ដើមធ្វើពីចន្លោះខែកញ្ញា ឬខែតុលា [........]»