(ព្រះវិហារ)៖ ទាក់ទងនឹងរឿងដែលបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចោទថា មកដល់ពេលនេះកម្ពុជានៅបន្តទិញភ្លើងពីថៃចំនួន ៦ចំណុចទៀត, នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានចោទសួទៅវិញថា មកដល់ពេលនេះតើថៃនៅមានផ្គត់ផ្គង់ភ្លើឱ្យកម្ពុជានៅកន្លែងណាខ្លះទៀត?

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើសិននៅមានកន្លែងណាទៀត សូមលោកចេញមកបញ្ជាឱ្យបានក្នុងថ្ងៃនេះមក ព្រោះកម្ពុជាក៏ចង់ដឹងដែរថាមាននៅកន្លែងណាខ្លះទៀត នឹងអាលបានកាត់ផ្តាច់ចោលឱ្យអស់ថែមទៀត តែបើលោកក្តាប់ព័ត៌មានមិនបាន នឹងមិនអាចចេញមកបញ្ជាក់នៅថ្ងៃនេះបាននោះទេ លោកមិនមែនជាមនុស្សនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរដូចនេះនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញថ្លែងសារពិសេស គ្រាដែលបានជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។

ទាក់ទងនឹងបញ្ហាកាត់ភ្លើង និងអ៉ិនធើណេតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «អ្នកនិយាយថាកម្ពុជាបានទទួលព័ត៌មានខុស ប៉ុន្តែនៅពេលដែលយើងពន្យល់ អ្នកសុំទោសខ្ញុំ អ្នកមិនសក្តិសមធ្វើនាយករដ្ឋមន្ត្រីទេ សូម្បីតែក្រសួងការបរទេសរបស់អ្នកប្រមាថប្រទេសរបស់ខ្ញុំ ក៏អ្នកមិនទាំងដឹងផង ហើយបែរជាមកសុំទោសខ្ញុំតាមទូរសព្ទ ចឹងកម្ពុជាអត់មានជំរើសទុកឱ្យលោកជំទាវកាត់[..] បើគង់តែគេត្រៀមសេនារីយ៉ូកាត់ដដែល កម្ពុជាកាត់មុនបាត់ទៅហើយ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាចង់រក្សានូវកិច្ចសន្យារកស៊ីជាមួយគ្នា នៅពេលដែលគេគំរាមនោះ កម្ពុជាមានភ្លើង មានអ៉ិនធើណេតគ្រាប់គ្រាន់អស់ទៅហើយ ប៉ុន្តែកម្ពុជានៅគោរពកុងត្រានៃការរកស៊ី តែទោះជាយ៉ាងណានៅពេលដែលទទួលការព្រមាន កម្ពុជាមានតែបង្ខំចិត្តកាត់ផ្តាច់ចោលតែម្តង នឹងយកការផ្គត់ផ្គងដោយអ៉ិនធើណេតពីប្រភពផ្សេង។ នៅខេត្តកោះកុង កម្ពុជាមានអគ្គិសនីនៅទីនោះ ៥០មេកាវ៉ាត់ ប៉ុន្តែដោយសារមានក្រុមហ៊ុនមានទំនាក់ទំនងរកស៊ីជាមួយគ្នាក៏កម្ពុជា បានបន្តយកភ្លើងពីខេត្តត្រាត ហើយនៅពេលកម្ពុជា ទទួលបានការគំរាមពីថៃក្នុងការកាត់ភ្លើង នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជារឱ្យធ្វើការកាត់ភ្លើងមុនតែម្តង។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរដូចនេះទៀតថា «ឥលូវខ្ញុំចង់ចោទសួរទៅឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលម្សិលមិញលោកឯងថ្លែងថា កម្ពុជានៅទិញភ្លើងលោកឯង ៦ចំណុច លោកឯងឆ្លើយប្រាប់ប្រជាជនថៃ និងប្រជាជនកម្ពុជា តើមាននៅកន្លែងណាខ្លះទៀត?»

ជាមួយនឹងការញ្ជាក់នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា យប់មិញនេះសម្តេចបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យមើលពេញមួយយប់ហើយរឿងនេះ នឹងបានបញ្ជាក់មកវិញថា មិនមាននៅសល់កន្លែងណាទៀតនោះទេ។ តើលោករដ្ឋមន្ត្រីការពារជាតិថៃ មានសេចក្តីថ្លៃថ្នូរក្នុងការនិយាយដែរទេ? ឫលោកក្តាប់បញ្ហាមិនបាន នឹងខិតខំនិយាយបន្ទោសបង្អាប់កម្ពុជា?។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ម៉ោងនេះពេលនេះ កម្ពុជាអត់មានប្រើប្រាស់អគ្គិសនី ឫអ៉ិនធើណេតរបស់ប្រទេសថៃនោះទេ ហើយបើលោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលថាកម្ពុជានៅទិញភ្លើង ៦ចំណុចទៀតនោះ សូមលោកចេញមកបញ្ជាក់នៅថ្ងៃនេះ ថាកម្ពុជានៅមានទិញភ្លើងចំណុចណាខ្លះទៀត ហើយបើលោកមិនអាចបញ្ជាក់បានទេ លោកមិនមែនជាមនុស្សទេ៕