(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាតំណាងប្រជាជនចិនខេត្តក្វាងទុងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក លីវ យេសេង ( Lyu Yesheng) សមាជិកគណៈកម្មាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក លីវ យេសេង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកសំខាន់មួយ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដែកថែបនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា  ទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជា និងចិន កាន់តែមានលក្ខណៈស៊ីជម្រៅខ្លាំងឡើង ដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងថ្នាក់ដឹកនាំបន្តវេនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន រួមមាន លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន ដែលបានឯកភាពគ្នាដាក់ចេញនូវ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨» ដែលជាចក្ខុវិស័យ និងជាការប្តេជ្ញាចិត្តថ្មីមួយទៀតរវាងកម្ពុជា-ចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតថ្មីមួយទៀត សំដៅសម្រេចបានការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

រដ្ឋសភាកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការតម្កល់ការអភិវឌ្ឍ និងផ្តោតលើប្រជាជនជាអាទិភាព ព្រមទាំងការជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»

លោក លីវ យេសេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៅក្នុងឱកាសនេះ។ លោកប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា អំពីគោលបំណងក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាតំណាងប្រជាជនចិនខេត្តក្វាងទុង និង រដ្ឋសភាកម្ពុជា ក៏ដូចជាដើម្បីជំរុញការវិនិយោគរវាងកម្ពុជានិងខេត្តក្វាងទុងឱ្យកាន់តែរីកចម្រើនឡើង។

លោកបានយល់ស្របចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលបានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពដ៏ល្អនិងរឹងមាំរវាងកម្ពុជានិងចិន ដែលមានតំាងពីយូរលង់មកហើយ។ ចំណងមិត្តភាពនេះបានពូនជ្រំឥតឈប់ឈរដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់។ លោកបានក៏បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ នៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ ជាពិសេសសម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីឆ្នាំកន្លងមក ទទួលបានផ្លែផ្ការជាទីមោទនៈនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសទាំងពីរ។

លោក លីវ យេសេង បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ខេត្តក្វាងទុង ជាខេត្តមួយដែលមានអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ជាច្រើនវិស័យ ពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ ទំហំនៃការវិយោគរបស់ខេត្តក្វាងទុងនៅកម្ពុជា មានការកើនឡើងប្រមាណជា៣០% នៅក្នុងរយៈពេលចុងក្រោយនេះ។

លោកប្រធានគណៈប្រតិភូ បានលើកឡើងថា ខេត្តក្វាងទុង ជាខេត្តមួយដែលមានការរីកចម្រើននាំមុខគេរបស់ប្រទេសចិន។ ជាមួយគ្នានេះ លោកក៏បានគោរពញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង នាពេលខាងមុខ តាមពេលវេលាសមស្របណាមួយ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការគោរពអញ្ជើញរបស់ លោកប្រធានគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់អំពីការរីចម្រើនយ៉ាងខ្លំាងរបស់ខេត្តក្វាងទុង។ ខេត្តក្វាងទុង គឺជាខេត្តដែលសម្តេចប្រធានរដ្ឋសភា បានឈប់សម្រាក ពេលឆ្លងកាត់ផ្លាស់ប្តូរជើងយន្តហោះកាលពីពេលធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំកន្លងទៅ។

ក្រៅពីការជំរុញការវិនិយោគ និងការទាក់ទាញអ្នកទេសចរពីខេត្តក្វាងទុងមកកម្ពុជាឱ្យកាន់តែច្រើនឡើង សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋិនិយមថា សភាតំណាងប្រជាជនចិនខេត្តក្វាងទុងនិងគាំទ្រកម្ពុជាបន្ថែមទៀតលើវិស័យអប់រំ បណ្តុះបណ្តាលធនធាមនុស្ស និងវិស័យសុខាភិបាល ដោយហេតុថា វិស័យទាំងពីរនេះ សុទ្ធសឹងជាវិស័យអាទិភាព ជួយដល់ប្រជាពលរដ្ឋ ពីព្រោះថាទាំងការអប់រំនិងសុខភាពជាកត្តាចំបងក្នុងការជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕