(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយស នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ អញ្ចើញចែកចង្ក្រាន្តសន្សំសំចៃ ថាមពលដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៦៧៩គ្រួសារ ក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅសាលាឃុំសាន់គ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើសាកសួរសុខទុក្ខនូវក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីបានបន្ថែមទៀតថា ការផ្ដល់ចង្ក្រាន្តសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ និងរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ហើយក៏ដូចជាការរួមចំណែកមួយ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ។

ទន្ទឹមនេះលោកស្រី ក៏បានថ្លែងអំណរគុណក្រុមហ៊ុនអ៊ិនត្រាកូ មកពីប្រទេសវៀតណាម ដែលបានជួយឧបត្ថម្ភដោយឥតគិតថ្លៃ នូវចង្រ្កានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦៧៩គ្រួសារ ក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមរយៈគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នាពេលនេះផងដែរ។

លោកស្រី ឃួន ឃុឌី បានសំណូមពរពុកម៉ែបងប្អូន ប្រជាពលរដ្ឋទាំងអស់ថែរក្សាការពារសុខភាពអោយបានល្អ ដោយរស់នៅមានអនាម័យ ជាពិសេសការហូបស្អាត ផឹកស្អាត ក្នុងរដូវវស្សានេះ ហើយត្រូវជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងណែនាំកូនចៅបងប្អូនឱ្យជៀសឲ្យឆ្ងាយពីគ្រឿងញៀន៕