(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសារភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

នេះជាលើកទី៤ហើយ ដែលសមាគមមូលនិធិសម្តេចតេជោ បានរៀបចំពិធីពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ហើយកម្មវិធីឆ្នាំនេះ ក៏ដើម្បីចូលរួមអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២» ក្រោមប្រធានបទ «ការត្រៀមលក្ខណៈ របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation)» ផងដែរ។

ព្រឹត្តិការណ៍នេះ ជាការលើកទឹកចិត្តដ៏សំខាន់ និងជាការផ្តល់តម្លៃដល់សហគ្រាសធុនមីក្រូ តូច និង មធ្យមនៅកម្ពុជា ចំពោះការរួមចំណែកបង្កើតការងារ ជំរុញការកែច្នៃ ពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាស្ថាប័នបង្គោល ដឹកនាំសម្របសម្រួល។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានឲ្យដឹងថា សមាគមមូលនិធិសម្តេចតេជោ ដែលបានបង្កើតឡើងនៅឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការគាំទ្រ និងជំរុញដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស ជំនាញទីផ្សារ និងការដោះស្រាយ បញ្ហាប្រឈមនានា ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

នាពេលកន្លងមក សមាគមមូលនិធិសម្តេចតេជោ បានចូលរួមចំណែកក្នុងការងារសង្គមជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា៖ ការចូលរួមក្នុងយុទ្ធនាការ (១ម៉ឺនរៀល ១ម៉ឺននាក់) ក្នុងឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ការចូលរួមឧបត្ថម្ភមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាដើម។

លើសពីនេះ សមាគមមូលនិធិសម្តេចតេជោ បានចូលរួមសហការណ៍ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្នុងការរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍអាជីវកម្មក្រោយបរិបទកូវីដ១៩» «ការចែករំលែក និងផ្សព្វផ្សាយពីការបង្កើតក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់វិស័យឯកជន» «ការចាប់ផ្តើម អនុវត្តន៍គម្រោងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ» ទូទាំង២៥រាជធានី-ខេត្ត និងតាមភូមិ-ឃុំ-ស្រុក ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ក៏ដូចជាម្ចាស់សហគ្រាសធុនតូច និងមធ្យមប្រមាណ៥៣៣៧នាក់ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ក្នុងការបង្កើតក្រុមការងារគ្រោះមហន្តរាយ ការបង្រៀនអំពីហានិភ័យ ការបង្ការ និងការគ្រប់គ្រងកាត់បន្ថយ ហានិភ័យពីគ្រោះមហន្តរាយនានា ជាពិសេសពង្រឹងសមត្ថភាព ផ្ដល់ចំណេះដឹងនិងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេស លើចំណេះដឹងពីសង្វាក់ទីផ្សារ ដំណើរការនៃការនាំចេញ ព្រមទាំងបទបញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធទៅនឹងការប្រកបអាជីវកម្ម។

កន្លងមកនេះ សមាគមមូលនិធិសម្តេចតេជោ បានគាំទ្រដល់ FASMEC ក្នុងការសហការជាមួយ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលលើជំនាញសំខាន់ៗដូចជា «ទីផ្សារឌីជីថល» ដល់ម្ចាស់សហគ្រាសទូទាំង២៥រាជធានី-ខេត្ត ដើម្បីឲ្យម្ចាស់សហគ្រាសទាំងអស់ ទទួលបានចំណេះដឹងពាក់ព័ន្ធនឹងអត្ថប្រយោជន៍ផ្សេងៗ ពីការប្រើប្រាស់ប្រព័ន្ធឌីជីថល របៀប នៃការធ្វើទីផ្សារតាមបណ្តាញសង្គម សុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់សហគ្រាសធុនតូច និង មធ្យម ជាពិសេសតាមបណ្តាខេត្ត ក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យទាន់សម័យកាល ក៏ដូចជាការរួមចំណែកក្នុងការជំរុញគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោញរបស់រាជរដ្ឋាភិបាលផងដែរ។

មួយវិញទៀតសមាគម ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានមនុស្សសម្រាប់សហគ្រាសធុនតូច និងមធ្យម» ដល់ម្ចាស់សហគ្រាសទូទាំង២៥រាជធានី-ខេត្ត ដើម្បីផ្ដល់ចំណេះដឹងឲ្យម្ចាស់សហគ្រាសយល់ដឹងពីការដឹកនាំ ការគ្រប់គ្រង និងការប្រើប្រាស់បុគ្គលិកត្រូវតាមជំនាញ និងតួនាទី ដើម្បីបង្កើនប្រសិទ្ធភាព ក៏ដូចជាផលិតភាពការងារក្នុងដំណើការផលិតកម្ម ឈានទៅរកភាពរីកចម្រើន។

បន្ថែមពីនេះទៀត សមាគមក៏បានជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលរៀបចំឡើងចំនួនពីរវគ្គ ២៥រាជធានីខេត្តគឺ វគ្គបណ្តុះបណ្តាលស្តីអំពី អក្ខរកម្មហិរញ្ញវត្ថុ និង វគ្គ បណ្តុះបណ្តាលស្តីអំពី លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន ដែលបានពង្រឹងសមត្ថភាពម្ចាស់សហគ្រាសលើជំនាញក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុក្នុងសហគ្រាសដូចជា ការរៀបចំបញ្ជីចំណូលចំណាយឲ្យបានច្បាស់លាស់ ការចេះរៀបចំផែនការហិរញ្ញវត្ថុក្នុងដំណើការអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ដើមទុនឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីឈានទៅរកការទទួលបានហិរញ្ញប្បទានមក ពង្រីកអាជីវកម្ម ទទួលបាននូវភាពជោគជ័យ៕