(ព្រះវិហារ)៖ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារកងទ័ពចំនួន ៦៥គ្រួសារ ដែលភៀសខ្លួនចេញពីតំបន់មានបញ្ហាប្រឈម និងប្ដីរបស់ពួកគាត់កំពុងឈរជើងការពារបូរណភាពទឹកដីនៅព្រំដែនកម្ពុជា-ថៃ។

នៅក្នុងឱកាសនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងសំណេះសំណាលជាមួយភរិយាជាគ្រួសារកងទ័ព និងបានជំរាបជូនអំពីសភាពការណ៍ថ្មីៗ និងបញ្ហាប្រឈមមួយចំនួនដែលកំពុងកើតមានឡើង នៅតាមព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យកងកម្លាំងកងទ័ពរបស់យើង ត្រូវឈរជើងការពារទឹកដីនៅតាមព្រំដែន ដោយមិនឱ្យប្រទេសណាមករំលោភបំពានយកជាដាច់ខាត។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងប្រាប់ភរិយាគ្រួសារកងទ័ពដែលមានវត្តមាននៅទីនេះពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាអាជ្ញាធរ ខេត្តព្រះវិហារ ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាង១០០០គ្រួសារ ដែលបានភៀសខ្លួនទៅស្នាក់នៅបណ្តោះអាសន្តមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ហើយនៅថ្ងៃម្សិលមិញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏បានអញ្ជើញសួរសុខទុក្ខបងប្អូនយើងនៅវត្តពោធិ៍៥០០០ដើមនេះផងដែរ។

ជាមួយនឹងសភាពការណ៍ដែលកំពុងកើតឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចជាអនុសាសន៍ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន, លោកមេបញ្ជាការបានថ្លែងណែនាំគ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមព្រំដែន ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពិសេសសូមជីកលេណដ្ឋានតាមផ្ទះរៀងៗខ្លួន ដើម្បីការពារនៅពេលមានសភាពការណ៍ផ្ទុះអាវុធកើតឡើង។

លោកមេបញ្ជាការ បានថ្លែងប្រាប់ភរិយាគ្រួសារកងទ័ពថា អំណោយដែលនាំមកផ្តល់ជូនបងប្អូនយើងនៅពេលនេះ គឺបានមកពីសប្បុរសជនផ្សេងៗ ហើយក្នុងមួយគ្រួសារៗ ទទួលបាន៖ មី ចំនួ១កេស, ទឹកត្រី ចំនួន១យួរ, ទឹកស៊ីវអីវចំនួន ១យួរ, អង្ករ ចំនួន ២០គីឡូក្រាម និងថវិកាចំនួន ២០,០០០រៀលផងដែរ។

បន្ថែមលើនេះ លោកក៏បានចែកការ៉ុង ច្រកដីសម្រាប់ធ្វើលេណដ្ឋាននៅតាមផ្ទះ ដើម្បីការពារខ្លួននៅពេលដែលមានសកម្មភាពការណ៍អ្វីមួយដែលកើតមានឡើង៕