(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សហគ្រាសធុនមីក្រូ, តូច និងមធ្យម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតផ្គត់ផ្គង់ និងផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និងការវិវត្តដ៏លឿននៃបច្ចេកវិទ្យា។

ការថ្លែងបែបនេះ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល និងពិសារភោជនាហាសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាបន្តទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុងវិស័យឧស្សាហកម្មកំពុងឈានមុខគេ និងអាចសម្រេចបានក្នុងរង្វង់ប្រមាណ ៧,៨% ក្នុងឆ្នាំ២០២៥ និន្នាការនេះ បានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម ក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និង ផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ ផ្គត់ផ្គង់ តំបន់ និង ពិភពលោក ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និង ការបង្កើនតម្លៃបន្ថែម ដែលកាន់តែមានសក្តានុពល។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «សហគ្រាសធុនមីក្រូ, តូច និងមធ្យមបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតផ្គត់ផ្គង់ និងផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ»

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិកន្លងទៅ បានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ និងវិធានគាំទ្រនានា ដើម្បីអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ, តូច និងមធ្យម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈ និងការប្ដេជ្ញាមោះមុត ក្នុងការបន្តអនុវត្តគោលនយោបាយ, រៀបចំយន្តការគាំទ្រ និងការលើកទឹកចិត្តថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យនេះ។ ការដាក់ចេញនូវយុទ្ធសាស្ត្រគោលនយោបាយអាទិភាពទាំង៦ រួមទាំងយុទ្ធសាស្ត្រជាតិ ស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ច ដោយលើកទឹកចិត្តការឈានទៅក្នុងប្រព័ន្ធ ដើម្បីពង្រឹងភាពធន់ ភាពរីកចម្រើនអាជីវកម្ម ​មុខរបរ និងការងារចិញ្ចឹមជីវិត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលបាននឹងកំពុងធ្វើពិពិធកម្មទីផ្សារទាំងក្នុងតំបន់ និងសកល តាមរយៈការជំរុញលើកកម្ពស់សហគ្រាសធុនមីក្រ តូច និងមធ្យម ឱ្យក្លាយជាខ្សែចង្វាក់ផលិតកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងបម្រើជាឧស្សាហកម្មប្រតិកម្ម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហ-គ្រាសធុនមីក្រូ, តូច និងមធ្យម ក្រសួង-ស្ថាប័ន និងវិស័យឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏បានរៀបចំយន្តការជាក់ស្តែង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងគាំទ្រដោយផ្ទាល់ដល់សហគ្រាសក្នុងស្រុក។ បរិវត្តកម្មឌីជីថលបានសម្រួលដល់ការចុះបញ្ជីពាណិជ្ជកមុ្ម ចុះបញ្ជីពន្ធដារ ការស្នើសុំប្រកាសបង្កើត និងដំណើរការអាជីវកម្មនានា ដោយកាត់បន្ថយពេលវេលា និងការចំណាយ៕