(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី, នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ សិក្ខាសាលាជាតិស្តីពី «ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើការ គំរាមកំហែងដោយសារធាតុវិទ្យុសកម្ម និង នុយក្លេអ៊ែរ (The National Workshop on "Basic Radiological and Nuclear Threats Course)» ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមកិច្ចការសហការរៀបចំដោយ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ជាមួយនឹងការិយាល័យប្រឆាំងភេរវកម្ម នៃអង្គការសហប្រជាជាតិ (UNOCT) ក្រោមជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប (EU)។
សិក្ខាសាលានេះមានអ្នកចូលរួមសរុប ៤៥រូប ជាមន្រ្តីមកពីបណ្តាអន្តរស្ថាប័ន ពាក់ព័ន្ធចំនួន ០៨ រួមមាន អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី, ក្រសួងមហាផ្ទៃ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងរ៉ែ និងថាមពល, ក្រសួងបរិស្ថាន, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។
ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះសមិទ្ធផលការងារ ដែលបណ្តាស្ថាប័នជាតិទាំងអស់សម្រេចបានកន្លងទៅ ក្នុងការរួមចំណែកជាមួយសកលលោកក្នុងកិច្ចការប្រយុទ្ធប្រឆាំងលើការរីកសាយភាយអាវុធមហាប្រល័យ (WMD) និងអំពើភេរវកម្ម ជាពិសេស កិច្ចការងារពាក់ព័ន្ធនឹងផ្នែកវិទ្យុសកម្ម និងនុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តដល់គ្រប់ស្ថាប័ន-ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមផ្តល់កិច្ចសហការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងកិច្ចឧបត្ថម្ភគាំទ្របន្ថែមពីសំណាក់ស្ថាប័ន អន្តរជាតិ និងប្រទេសជាដៃគូ ដើម្បីបន្តរៀបចំ និងចូលរួមកម្មវិធីហ្វឹកហ្វឺន បណ្តុះបណ្តាល កសាងសមត្ថភាពផ្សេងៗទៀត នាពេលខាងមុខ និងសូមឱ្យយកចំណេះដឹងទាំងឡាយដែលទទួលបាន ទៅបន្តសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅជាប្រចាំ ដើម្បីឱ្យក្លាយទៅជាមន្ត្រីជំនាញប្រកបដោយសមត្ថភាព គុណភាព វិជ្ជាជីវៈខ្ពស់ពិតប្រាកដ ដើម្បីប្រទេសជាតិយើង។
ជាកិច្ចបញ្ចប់នៃកម្មវិធី នាយ ឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បាន អញ្ជើញចែកជូននូវលិខិត ថ្លែងអំណរគុណដល់អ្នកជំនាញការមកពី ការិយាល័យ UNOCT និងវិញ្ញាបនបត្រដល់សិក្ខាកាមទាំងអស់៕