(ភ្នំពេញ)៖ ជាថ្មីម្តងទៀត តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា មានពួកក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការរបស់សម្តេច។

សម្តេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយទាំងនោះ និងសូមតាមដានផេកផ្លូវការ របស់សម្តេច។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារទាំងស្រុងដូច្នេះថា៖ «សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយមេត្តាជ្រាបថា​ ពួកក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី​ តាមរយៈ​៖

១៖​ ការផុសដោយធ្វើជារូបភាព​ ហើយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក
២៖​ កាត់តរូបគណនីរបស់សម្តេចបវធិបតី​ ដោយសរសេរសារក្លែងក្លាយ​ ភ្ជាប់នឹងរូបភាព​ តែចំនុចដែលខុស​ គឺគ្មានបញ្ចេញម៉ោង​ បើផុសចេញពីផេកពិត​ គឺនឹងមានការបង្ហាញម៉ោង​ ឬថ្ងៃផុស​ (ដូចជូនភ្ជាប់ក្នុងរូបភាព)
៣៖​ ការផុសចេញពីផេកផ្លូវការ​ គឺតែងមានតំណភ្ជាប់ទាំងអស់​ (Link) មានន័យថាគ្រប់ផុស​ គឺតែងមាន Link មួយជានិច្ច
៤៖​ ផេកផ្លូវការរបស់សម្តេចបវធិបតី​ មានតំណភ្ជាប់តែមួយ​ គឺ​ https://www.facebook.com/share/1HMhbKEmCr/?mibextid=wwXIfr
៥៖ ផេកផ្លូវការរបស់សម្តេចបវរធិបតី​ គឺមានអ្នកតាមដាន​ ១,៨លាននាក់។

អាស្រ័យហេតុនេះ​ សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ បង្កើនការប្រុងប្រយ័ត្ន​ និងតាមដានផេកផ្លូវការរបស់សម្តេចបវរធិបតី​ ដែលមានតែមួយ​ ដូចបានបញ្ជាក់ជូននិងតាមរយ:តំណភ្ជាប់ខាងលើ ហើយមិនមានការផុសក្នុងក្រុមផ្សេងនៃហ្វេសប៊ុកនោះទេ»៕