(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា បង្ហាញពីលទ្ធផលនៃការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះមុខប្រជាពលរដ្ឋប្រកបដោយជោគជ័យ។
ការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា ដែលពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែ ព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ កំពុងត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀត។ ឆ្លងតាមលទ្ធផលជាក់ស្ដែងទាំងអស់នេះ បានបង្ហាញថារាជរដ្ឋាភិបាលបាន កំពុងអនុវត្តនូវអ្វីៗដែលជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ, រាល់សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលជាង៤៦ឆ្នាំមកនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត មានអត្ថន័យយ៉ាងធំធេងសម្រាប់ការឋិតថេរ និងរីកចម្រើនយូរអង្វែងរបស់ជាតិកម្ពុជា។ ប្រាកដណាស់ថា ផ្លូវទៅមុខទៀតនៅវែងឆ្ងាយដើម្បីសម្រេចទាំងស្រុងនូវក្តីប្រាថ្នារបស់យើងក្នុងការស្ថាបនាទឹកដីមាតុភូមិនិងប្រជាជាតិប្រកបដោយអរិយធម៌ ដែលគ្មានការកើតមានជាថ្មីនូវគ្រោះមហន្តរាយដូចពីអតីតកាល។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា ប៉ុន្តែពេលវេលាបានសាកល្បងរួចហើយនូវកម្លាំង ឆន្ទៈ ស្មារតី និងសមត្ថភាពរបស់បក្ស ដែលពិតជាអាចយកឈ្នះបានលើរាល់ឧបសគ្គ និងការលំបាកនានាខាងមុខទៀត ក្នុងការកសាង និងការពារមាតុភូមិ ផ្អែកលើកម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំ។
ប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ការសម្រេចបានជោគជ័យរបស់គណបក្សក្នុងការដឹកនាំរយៈពេលជាង៤៦ឆ្នាំមកនេះ គឺអាស្រ័យដោយមូលហេតុធំៗ ដូចខាងក្រោម៖
ទី១៖ គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព
ទី២៖ គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស
ទី៣៖ គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ម៉ត់ចត់
ទី៤៖ គណបក្សមានជួរមន្ត្រីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌
ទី៥៖ គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន
ទី៦៖ គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើរ។ មូលហេតុទាំងនេះ មានសារៈសំខាន់បំផុតសម្រាប់ការដឹកនាំរបស់គណបក្សតទៅមុខទៀត ដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាសេចក្តីប្រាថ្នារបស់ប្រជាជន។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់ កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឲ្យកាន់តែរឹងមាំឡើង។ សម្ដេចតេជោ ក៏បានយកឱកាសនេះ ថ្លែងនូវការគោរពចំពោះវីរភាពរបស់កងទ័ព និងកងនគរបាលដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត៕