(ភ្នំពេញ)៖ ថ្លែងក្នុងពិធីមិទ្ទិញរំឮកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែ​ន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ និងការទទួលបានគម្រោងវិនិយោគ នៅរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាមេរិកកើន១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាមេរិកកើន ១៧.៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។

សម្រាប់គម្រោងវិនិយោគដែលបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ មានចំនួន ២៩០គម្រោង កើន ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤.២ ពាន់លានដុល្លារអាមេរិកកើន ១.៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។

បើតាមសម្តេចតេជោ សន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។ ដូច្នេះតាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានអត្រាកំណើន ៥.២% ក្នុងឆ្នាំ២០២៥។

សូមជម្រាបថា របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា រយៈពេល៥ខែឆ្នាំ២០២៥ ដៃគូនាំចេញ-នាំចូលសំខាន់ៗរបស់កម្ពុជា រួមមាន ចិនដែលសម្រេចបានទំហំពាណិជ្ជកម្ម ៧.៦ពាន់លានដុល្លារ កើនឡើង២៧.៥% , សហរដ្ឋអាមេរិក សម្រេចបាន ៤.៤ពាន់លានដុល្លារ កើនឡើង ២៧% , វៀតណាម សម្រេចបាន ៣.៨ពាន់លានដុល្លារ កើនឡើង ៨%, ថៃសម្រេចបាន ១.៨ពាន់លានដុល្លារ កើនឡើង៨.៣% និងជប៉ុន សម្រេចបាន ជាង១ពាន់លានដុល្លារ កើនឡើង២៨% រួមនឹងដៃគូពាណិជ្ជកម្មសំខានៗ មួយចំនួនទៀត។

ទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមាន សម្លៀកបំពាក់ ស្បែកជើង កៅស៊ូ ផលិតផលកសិកម្ម គ្រឿងបង្គុំអគ្គិសនី និងផលិតផលមួយចំនួនទៀត។

ដោយឡែកសម្រាប់កំណើននៃគម្រោងវិនិយោគក្នុងរយៈពេល៥ខែមកនេះ បង្ហាញឱ្យឃើញពីការទុកចិត្តលើស្ថិរភាព និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា សន្តិសុខសង្គម ដែលធានាបាននូវសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ ហើយរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថែទាំសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។

កម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារបានកាន់តែទូលាយ, ក្នុងនោះកម្ពុជាមានទីផ្សារអាស៊ាន ដែលមានប្រជាជនសរុបជាង ៦៦២លាននាក់, ហើយកម្ពុជាក៏មានទីផ្សារនៃបណ្តាប្រទេសជាសមាជិក RCEP ដែលមានប្រជាជនសរុបប្រមាណជាង ២,៣ពាន់លាននាក់ ទីផ្សារទាំងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើម សម្រាប់ផលិតកម្ម និងការផ្គត់ផ្គង់ទំនិញ, ផលិតផលសេវាកម្ម ពីបណ្ដារោងចក្រសហគ្រាសរបស់វិនិយោគិនគ្រប់រូប៕