(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបានបង្ហាញពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវរបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ។ ការថ្លែងរបស់សម្ដេចតេជោបានធ្វើឡើងនៅក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ នៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
បើតាមប្រសាសន៍ប្រធានគណបក្សប្រជាជនកម្ពុជា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែបង្ហាញអំពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងបានបង្ហាញការទទួលខុសត្រូវលើការអនុវត្តភារកិច្ចរបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា៖ «ក្នុងពេលថ្មីៗនេះកាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានប្រព្រឹត្តទៅស្របតាមស្មារតី រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញអំពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវលើការអនុវត្តភារកិច្ចរបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជាក៏កាន់តែបានពង្រឹង និងពង្រីកថែមទៀត»។
សូមជម្រាបថា កាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ, សមាជព្រឹទ្ធសភា និងរដ្ឋសភា ត្រូវបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជ។ ខណៈសមាជក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា និងព្រឹទ្ធសភាទាំង៤រូប ព្រមទាំងសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភាផងដែរ។ សមាជលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា រវាងព្រឹទ្ធសភា និងរដ្ឋសភា មានរយៈពេល២ថ្ងៃនេះ បានចំណាយពេលពេលរហូតដល់ទៅជិត២៨ម៉ោង លើរបៀបវារៈចំនួន៣ រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម ហើយប្រធានបទទាំង៣ ក៏ត្រូវបានអនុម័តទាំងស្រុងដោយសមាជព្រឹទ្ធសភា និងរដ្ឋសភា៕