(ក្រចេះ)៖ នៅចំពោះមុខសមាជិកប្រមាណ ១,២០០នាក់ លើទឹកដីខេត្តក្រចេះ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាប្រតិបត្តិករតែមួយគត់ដែលបានជួយសង្គ្រោះជាតិ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ស្តារនូវខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងផ្តល់សិទ្ធិគ្រប់យ៉ាងដែលបានបាត់បង់ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត ឱ្យត្រឡប់មកជូនមាតុភូមិកម្ពុជាវិញ។ គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
ការបញ្ជាក់បែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧៤ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកថា បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ដែលដឹកនាំរដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ ដែលដៃម្ខាងទប់ស្កាត់កុំឱ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ និងដៃម្ខាងទៀតប្រើប្រាស់ដើម្បីកសាង ស្តារនូវសេដ្ឋកិច្ចជាតិកម្ពុជាឡើងវិញ។ ប្រទេសកម្ពុជាក្រោយរបបខ្មែរក្រហមបានបន្តរងគ្រោះបន្សល់ពីរបបខ្មែរក្រហម និងបន្ថែមពីលើនេះត្រូវបានដាក់សម្ពាធសេដ្ឋកិច្ចពីបស្ចឹមប្រទេសមកលើប្រទេសកម្ពុជា មានន័យថាកម្ពុជា ដែលបានរងភាពអយុត្តិធម៌ ពីការកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងរង្គាល ក្នុងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ហើយ បែរជាមករងគ្រោះនូវសម្ពាធអន្តរជាតិ មកលើកម្ពុជា។ ត្រង់ចំណុច នេះហើយក្នុងប្រជាពលរដ្ឋខ្មែរ គឺបានមើលឃើញយ៉ាងច្បាស់ពីការតស៊ូរើបម្រាស់របស់គណបក្សប្រជាជនកម្ពុជា រហូតអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាលំដាប់ដូចពេលបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រឹងប្រែងរែកពន្ធគ្រប់បែបយ៉ាងដើម្បីបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ចាប់តាំងពីបដិសន្ធិមក។ នៅក្នុងរយៈពេល ៧៤ឆ្នាំមកនេះ ពិសេសចេញ ពីការរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មកការកសាងជាតិឡើងវិញពីគំនរផេះផង់ ឈាម និងទឹកភ្នែករហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនរុងរឿងដូចសព្វថ្ងៃនេះ។ សន្តិភាពដែលមានតម្លៃជាទីបំផុតសម្រាប់យើងទាំងអស់គ្នា ហើយបើគ្មានសន្តិភាព យើងក៏គ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ។ សន្តិភាពពេញលេញដែលកម្ពុជាទទួលបានដោយការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រយៈពេល២៦ឆ្នាំ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ហើយសន្តិភាពពេញលេញបានអនុញ្ញាតឱ្យកម្ពុជាប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើនយ៉ាងលឿន។ ជាពិសេសនៅពេលជនបរទេសនិយាយពីកម្ពុជា គឺគេពួកបានភ្លេចហើយនូវរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុន្តែ ពួកគាត់បានផ្តល់នូវស្នាមញញឹម រាក់ទាក់កោតសរសើរ ពីភាពរីកចម្រើន សន្តិសុខ សុវត្ថិភាព មានប្រាង្គប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានាដ៏ស្រស់ស្អាត ប្រជាពលរដ្ឋមានភាពរួសរាយរាក់ទាក់ ស្លូតត្រង់។
លោក នេត្រ ភក្ត្រា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហរ និងមូលដ្ឋាននៃការបង្រួបបង្រួមជាតិ ដោយមិនយកខ្មែរណាជាសត្រូវ ហើយអាចរួមរស់នៅជាមួយគ្នាក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ។ ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការទទួលខុសត្រូវរបស់គណបក្សក្នុងការកសាង ប្រវត្តិសាស្ត្រប្រកបដោយមោទនភាពរបស់ជាតិ ដែលមនុស្សគ្រប់រូបក្នុងសង្គមសុទ្ធតែមានចំណែកចូលរួមប្រកបដោយមនសិការ ក្នុងគោលបំណងរួមគ្នា ការពារជាតិ ការពារភាពសុខសាន្ត របស់ប្រជាជនគ្រប់រូប និងសម្រេចនូវវឌ្ឍនភាពសង្គម។
ឆ្លងកាត់កំណាត់ផ្លូវដ៏វែងរយៈពេលជាង ៤៦ឆ្នាំមកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។ គណបក្សប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍ ដ៏បរិសុទ្ធរបស់ប្រជាជន ជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រជាជនឆ្លងកាត់ពេលវេលាដ៏សែនលំបាកបំផុតឈានពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ ដែលមានអត្ថន័យយ៉ាងធំធេងចំពោះការឋិតថេរគង់វង្ស និងការរីកចម្រើនរបស់ជាតិ៕