(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសកម្លាំងប្រចាំការនៅតាមព្រំដែនទាំងអស់ ដែលទទួលបានការហ្វឹកហាត់ជាច្រើនឆ្នាំ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានប្រកាសពីការត្រៀម រួចជាស្រេច ដើម្បីចូលរួមវាយទប់ទល់ និងវាយបកជាមួយកម្លាំងសត្រូវ បើសិនមានការឈ្លានពានទឹកដីកម្ពុជា។
ការប្រកាសប្តេជ្ញាតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីសំណាក់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនេះ បានធ្វើឡើងនៅចំពោះមុខ លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិ ប៉ោយប៉ែត និងសំណេះសំណាល សួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់ពីប្រទេសថៃ។
ទន្ទឹមគ្នានេះលោក កែ គឹមយ៉ាន ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ថវិកាមួយចំនួន ទៅចែកជូនដល់កងកម្លាំងបញ្ជការវរសេនាតូចនគរបាលការពារ ព្រំដែនគោកចំនួន៤ រួមមាន វរ៨០៧,៨១៥,៨៩១,៩១១ នៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅក្រុងប៉ោយប៉ែតផងដែរ។
ក្នុងមួយអង្គភាពទទួលបានអំណោយរួមមាន៖ អង្ករ១តោន ទឹកសុទ្ធ៥០កេស មុង២៥មុង អង្រឹងមុង៦២អង្រឹង ប្រហុកសាច់២ក្រឡ ប្រហុកឆ្អឹង៣ក្រឡ ស្ពៃក្តោប៧ថង់ ទឹកត្រី១២យួរ ទឺកស៊ីអ៊ីវ១២យួរ មីជាតិ១០០កេសតូច ប៊ីចេង១២គីឡូ ខ្ទឹមសរ១២គីឡូ ស្ករស១២គីឡូ ថវិការក្នុង១វរ៤លាន សរុប១៦លានរៀល ក្នុងសង្កាត់ទាំង៥ទទួលបាន ៥លានរៀល ក្នុង១សង្កាត់១លានរៀល និងប្រជាការពារ៥០ម៉ឺនរៀល៕