(សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរអភិបាលរងខេត្ត លោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ និងកម្លាំងត្រៀមអន្តរាគមន៍ផងដែរ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ រាយការណ៍អំពីវឌ្ឍនភាព និងការបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ដែលមានកម្លាំងសរុបចំនួន ១៥៦នាក់ និងត្រូវបានបែងចែកជា ៤កងអនុសេនាតូច ដែលមាន លោកស្នងការរង ជាមេបញ្ជាការដឹកនាំ និងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងសម្ភារៈចាំបាច់ មធ្យោបាយដឹកជញ្ជូន បរិក្ខាពេទ្យ និងសង្រ្គោះ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោង/២៤ម៉ោង ក្នុងភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន និងក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន។
ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចនិងការត្រៀមលក្ខណៈសម្បត្តិ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ ប្រធានគណៈអធិបតី ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភបន្ថែមដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ៕