(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ថ្មីៗនេះ បើពោលអំពីវិវាទព្រំដែនកម្ពុជា-ថៃ, នៅប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្រោមការដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្ដឹងទៅតុលាការយុត្ដិធម៌អន្ដរជាតិ-ICJ ដោយយោងតាមកេរដំណែលអាណានិគមនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ហើយត្រូវបានពួកជាតិនិយមជ្រុលថៃ ចេញមកប្រកាសទាត់ចោលទាំងកម្រោល និងទាំងកំហឹងពុះកព្ជ្រោលដោយរកលេសបកស្រាយថា «កេរដំណែលអាណានិគមនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧» នេះមានការបង្ខិតបង្ខំពីបារាំងនោះគឺជារឿងដ៏គួរឲ្យអស់សំណើច។
ព្រោះក្នុងបរិបទប្រវត្តិសាស្ត្រ ក្រោយពីបញ្ចប់សង្រ្គាមលោកលើកទី២ ដែនដីដែលស្ថិតក្រោមអាណានិគមទាំងអស់លើពិភពលោក ហៅថា «ដែនដីរដ្ឋបាល» គឺស្ថិតក្រោមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងលិខិតូបករណ៍អន្ដរជាតិ និងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីការផ្តល់ឯករាជ្យដល់ប្រទេស និងប្រជាជនស្ថិតនៅក្រោមការគ្រប់គ្រងអាណានិគម គឺជាបំណងប្រាថ្នារបស់ប្រជាជនលើពិភពលោក ដើម្បីបិទបញ្ចប់របបអាណានិគមនិយម។ ហេតុនេះ ការបង្កើតតុលាការយុត្តិធម៌អន្តរជាតិ -ICJ នេះទ្បើង ក្នុងគោលបំណងជាចម្បង ដើម្បីការពារអត្តសញ្ញាណនៃដែនដី បន្សល់ពីកេរដំណែលអាណានិគមនៅពេលមានជម្លោះព្រំដែន និងជាអ្នកការពារស្ថិរភាពព្រំដែន នៅពេលមានជម្លោះរវាងរដ្ឋនិងរដ្ឋ ដែលរងគ្រោះដោយការតស៊ូមិនស្មោះត្រង់របស់រដ្ឋផ្សេងទៀត។ ព្រោះតុលាការយុត្តិធម៌អន្តរជាតិ -ICJ បានចាត់ទុកអធិបតេយ្យជា "មូលដ្ឋានគ្រឹះដ៏សំខាន់នៃច្បាប់អន្តរជាតិ" ដោយរដ្ឋមួយមិនអាចមានអំណាចរំលោភបំពានលើរដ្ឋមួយទៀតទ្បើយ។
បើពោលឲ្យចំ ចំពោះពួកជាតិនិយមជ្រុលថៃ ដែលបានទាត់ចោលទាំងកម្រោល កេរដំណែលអាណានិយម គឺថៃជារដ្ឋតែមួយគត់លើពិភពលោក និងជាគំរូដ៏អាក្រក់បំផុតរបស់ពិភពលោក ដែលនាំឲ្យពិភពលោក ងាកទៅរកជម្លោះព្រំដែនពាសពេញពិភពលោក ពីព្រោះពីមុនសង្រ្គាមលោកលើកទី២ ដែនដីទាំងអស់នៅលើពិភពលោក សុទ្ធតែស្ថិតក្រោមអាណានិយម។
ត្រង់នេះចំពោះអាកប្បកិរិយារបស់ថៃ ដែលបានចេញមកទាត់ចោលទាំងកម្រោលកេរដំណែលអាណានិគមនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ និងការគូសផែនទីថ្មីជាឯកតោភាគីរបស់ថៃ ដោយ រំលោភបំពានមកលើអធិបតេយ្យកម្ពុជា ដែលជើងរបស់ពួកជាតិនិយមជ្រុលថៃ មិនធ្លាប់ដើរពីមុនមកនោះ គឺផ្ទុយនឹងច្បាប់អន្តរជាតិទាំងស្រុង។ ហេតុនេះផែនទីដែលបានគូសដោយឯកតោភាគីរបស់ថៃ គឺគ្រាន់តែជាសំណង់សិប្បនិម្មិត ដើម្បីបម្រើមុខងារឲ្យមហិច្ឆិតាជាតិនិយមជ្រុលរបស់ថៃ ដែលផែនទីនេះត្រូវចាត់ទុកថា មិនស្របច្បាប់អន្ដរជាតិ ធ្វើឲ្យមានជម្លោះខ្សែបន្ទាត់ព្រំដែនជាអចិន្ត្រៃយ៍ តែប៉ុណ្ណោះ។
លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះយើងអាចចោទជាសំណួរថា ហេតុអ្វីដែនដីកេរដំណែលអាណានិគម ត្រូវគាំពារដោយច្បាប់អន្ដរជាតិ?
ជាទូទៅ កាលបរិច្ឆេទនៃរដ្ឋឯករាជ្យ តែងភ្ជាប់នូវចំណងជើងទឹកដីទៅនឹងអាណានិគមនិយមហៅថា «Uti Possidetis» គឺជាគោលការណ៍នៃច្បាប់អន្តរជាតិ ដោយកំណត់ព្រំដែននៃរដ្ឋដែលទើបបង្កើតថ្មីគួរតែផ្អែកលើព្រំដែនរដ្ឋបាលដែលមានក្នុងសម័យអាណានិគម ឬមុនឯករាជ្យ ដើម្បីអភិរក្សព្រំដែនអាណានិគម និងរក្សាស្ថានភាពព្រំដែន ជាព្រំដែនអន្ដរជាតិដើម្បីទប់ស្កាត់ជម្លោះព្រំដែន និងលើកកម្ពស់ស្ថិរភាពតំបន់ និងពិភពលោក។
ពាក្យ «Uti Possidetis» ក្នុងគោលការណ៍ច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែន និងត្រូវបានអនុវត្តជាទូទៅបំផុតនៅពេលដែលអតីតដែនដីអាណានិគមក្លាយជាប្រទេសឯករាជ្យ។
គោលបំណងស្នូលនៃ «Uti Possidetis» គឺដើម្បីកាត់បន្ថយជម្លោះព្រំដែន និងលើកកម្ពស់ស្ថិរភាពព្រំដែនរដ្ឋបាលដែលមានស្រាប់បន្សល់ពីកេរដំណែលអាណានិគម ជាមូលដ្ឋានសម្រាប់ព្រំដែនអន្តរជាតិ។ ម្យ៉ាងទៀត ក្នុងតំបន់ដែនដីដែលមានប្រវត្តិស្ថិតក្រោមអាណានិគមមានលក្ខណៈស្មុគ្រស្មាញ ដែលព្រំដែនអាចត្រូវបានរដ្ឋមួយផ្សេងទៀត បានគូស ឬប្រកួតប្រជែងដោយបំពានលើរដ្ឋផ្សេងទៀត។
ដូច្នេះចំពោះរាជរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្ដឹងករណីវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្ដិធម៌អន្ដរជាតិ-ICJ គឺជាគោលការណ៍នៃអធិបតេយ្យនៃច្បាប់អន្ដរជាតិ គឺជាសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ស្ដីពីចំណងជើងទឹកដី ជា «ប្រព័ន្ធនៃច្បាប់អន្តរជាតិ» គឺជាកេរដំណែលអាណានិគមនិយម នឹងហាមឃាត់លើការប្រើប្រាស់កម្លាំងយោធាសម័យទំនើបសព្វថ្ងៃនេះ៕