(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ប្រជាពលរដ្ឋសូមជឿជាក់ និងទុកចិត្តលើចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយនាំយកបញ្ហាទាំង៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ ជាមួយនឹងប្រទេសថៃដើម្បីរកដំណោះស្រាយប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងជាដំណោះស្រាយស្ថាពរ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់និងប្រឆាំងដាច់ខាតចំពោះអំពីការឈ្លានពានពីសំណាក់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះវិធានការឆ្លើយតបភ្លាមៗនៅក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងទ័ពឈ្លានពាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា បញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ រាជរដ្ឋាភិបាលកម្ពុជា បានបោះជំហ៊ានយ៉ាងលឿនទៅលើការងារផ្លូវច្បាប់, ការទូត រួមនឹងវិធានការយោធាផងដែរ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពាន ក្រោយពេលមានព្រឹត្តិការណ៍នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃបានលួចឆ្មក់មកបាញ់ប្រហារបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិតលើទឹកដីកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា តួនាទីរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺទទួលខុសត្រូវនៅចំពោះមុខប្រជាជន ហើយការពារមិនអនុញ្ញាតឱ្យបរទេសឈ្លានពានរំលោភយកទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា សូម្បីមួយមីលីម៉ែត្រ។ ការសន្យារបស់សម្តេចបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាល ក៏ជាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តតាំង និងប្រឈមមុខរាល់ការឈ្លានពានណាមួយមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា។ «យើងចង់បានមិត្ត ក៏ប៉ុន្តែ គេមិនបានបោះបង់ចោលនូវគំនិតឈ្លានពានចង់បានទឹកដីកម្ពុជាទេ អ៊ឹចឹងកម្ពជា ដែលស្រឡាញ់សន្តិភាព ការពារសន្តិភាព ចាំបាច់ត្រៀមខ្លួន ក្នុងការប្រយុទ្ធដើម្បីគាំទ្រ និងការពារទឹកដីរបស់ខ្លួន»។

សូមបញ្ជាក់ថា កម្ពុជា ធ្លាប់បានលើកយកវិវាទទឹកដីជាមួយថៃ ប្តឹងទៅតុលា ការយុត្តិធម៌អន្តរជាតិចំនួនពីរលើក ហើយទទួលបានជោគជ័យ ទាំង ពីរលើកផងដែរ។ ជោគជ័យលើកទី១ នៅឆ្នាំ១៩៦២ ហើយលើកទី២ នៅឆ្នាំ២០១៣ ពេលថៃចូលមកឈ្លានពាន ប្រាសាទ ព្រះវិហារ និងទឹកដីនៅតំបន់នោះ។ ជាមួយការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីតតាំងក្តី៕