(ភ្នំពេញ)៖ លោកឧកញ៉ា ណាង ណាន ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកវិស័យទេសចរណ៍កម្ពុជានិងថៃ នៅទីក្រុងបាងកក និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ទទួលបានកិត្តិយសដ៏ខ្ពស់ខ្ពស់ ត្រូវបានបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ការផ្តល់ និងទទួលគ្រឿងឥស្សរិយយសនេះធ្វើឡើងក្នុងឱកាសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី «សំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» នារាជធានីភ្នំពេញ។
ក្នុងឱកាសដ៏មហាថ្លៃថ្លាឧត្តុងឧត្តមនោះ លោកឧកញ៉ា ណាង ណាន បានក្រាបថ្វាយបង្គុំអរព្រះគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់សព្វព្រះរាជហ្ញទ័យប្រោសព្រះរាជទានផ្ដល់គ្រឿងឥស្សរិយយស ជាតូបការ ដែលខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៣ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានបំពាក់គ្រឿងឥស្សរិយយស ជូននាពេលនេះផងដែរ៕